ទំព័រដើម » អក្សរសិល្ប៍ » ប្រលោមលោក » ជីវិតខ្ញុំ (តចប់)

ជីវិតខ្ញុំ (តចប់)

ជាតិ សាសនា ព្រះមហាក្សត្រ
MV GROUP

បណ្ណសារ

Can not read please click on picture to download font KhmerUnicodeDOWNLOAD

បង្កើតប្លុក



អ្នកកំពុងទស្សនា

អ្នកទស្សនា

  • 10,497 hits

           ដល់​ថ្ងៃ ៥ មករា ១៩៧៩ ពេល​នោះ​សេដ្ឋកិច្ច​គេ​យក​មាន់ ១ យក​មក​ឲ្យ​ធ្វើ​ហូប ដោយ​គេ​ឲ្យ​ហូប ២ ពេល គ្នា​ដែល​ធ្វើការ​នោះ ៣០ នាក់។ ដោយ​អាណិត​ប្រពន្ធ​កូនខ្ចី​គ្មាន​អី​ហូប​ដើម្បី​ទឹកដោះ​បំបៅ​កូន ពេល​នោះ​ខ្ញុំ​សម្រេច​ចិត្ត​លួច​ភ្លៅ​មាន់ ១ ហើយ​លាក់​ទុក (ពេល​នោះ​គេ​ឲ្យ​ខ្ញុំ​ដាំ​ស្ល​ដដែល) សម្រាប់​យក​មក​ផ្ទះ។ ខ្ញុំ​សូម​ជម្រាប​ថា ពេល​នោះ​សភាពការណ៍​ដែល​បាន​ឃើញ​ផ្ទាល់ គឺ​មាន​បងប្អូន​ដែល​នៅ​ខាងត្បូង​កំពង់ត្រាច​ត្រូវ​គេ​ជម្លៀស​មក​ហូរហែ ដើរ​កាត់​កន្លែង​ការដ្ឋាន​ខ្ញុំ ពេល​នោះ​ខ្ញុំ​សួរ​គេ គេ​ប្រាប់​ថា ពួក​យួន​វាយ​ចូល​ពី​ត្បូង​មក​ខ្លាំង​ណាស់ ឥឡូវ​អង្គការ​ដេញ​ឲ្យ​ទៅ​ព្រៃភ្នំ​ខាងជើង​ៗ​ជៀស​វាង​ពួក​យួន​សម្លាប់។ នៅ​ពេល​យប់​នោះ (ថ្ងៃ ៥ មករា ១៩៧៩) ខ្ញុំ​ក៏​ទៅ​សុំ​ពូ​ប្រធាន​ក្រុម​ថា ពូ​ខ្ញុំ​សុំ​ទៅ​ផ្ទះ​មើល​កូន​ខ្ញុំ​មួយ​ភ្លែត ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​យប់​នេះ​ទេ។ គេ​ក៏​ឲ្យ​ទៅ ពេល​នោះ​ខ្ញុំ​ក៏​យក​ភ្លៅ​មាន់​លាក់​ទុក​យក​មក​ដល់​ផ្ទះ​ស្ងោរ​នឹង​កំសៀវ​ទឹក (ស្ងោរ​ជ្រក់) ឲ្យ​ប្រពន្ធ​និង​កូន​ហូប។ ហូប​រួច​ខ្ញុំ​បាន​ប្រាប់​ប្រពន្ធ​ថា ឯង​រៀប​ចំ​ឥវ៉ាន់​ណា​ស្រាល​ៗ ដែល​ខ្ញុំ​អាច​រែក​រួច​ឲ្យ​ហើយ​ទៅ យើង​ប្រហែល​ជា​គេ​ដេញ​ឡើង​ភ្នំ​ហើយ ព្រោះ​ពួក​យួន​វាយ​កងទ័ព​អង្គការ​យើង​រត់​ខ្ចាត់​ខ្ចាយ​ហើយ។

          ប្រមាណ​ជា​ម៉ោង ១០ យប់ ពួក​ប្រធាន​កង ប្រធាន​ក្រុម​ក៏​ដើរ​មក​ប្រាប់​ឲ្យ​ចាក​ចេញ​ជា​បន្ទាន់​ឥឡូវ​នេះ ព្រោះ​ពួក​យួន​វាយ​ចូល​ពី​កំពង់ត្រាច​ហើយ។ អ្វី​ៗ​ដូច​ខ្ញុំ​បាន​ត្រៀម​ទុក​មែន ដោយ​ឡែក​តែ​បងប្អូន​ខ្លះ​មិន​បាន​ត្រៀម​ដូច​ខ្ញុំ​ត្រូវ​ទៅ​ទាំង​យប់​ដោយ​គ្មាន​បាន​របស់​របរ​អ្វី​ទេ។ លុះ​ចេញ​ទៅ​បាន​បី​ថ្ងៃ សភាពការណ៍​ជា​ស្ងប់​បន្តិច ទើប​វា​ឲ្យ​បងប្អូន​យើង​ចូល​មក​យក​ឥវ៉ាន់​បាន​ខ្លះ។ មួយ​អាទិត្យ​ក្រោយ​មក គឺ​ថ្ងៃ ១៣ មករា ១៩៧៩ ខ្ញុំ​នឹង​បងប្អូន​ទាំងអស់​ត្រូវ​វា​ដេញ​ទៅ​មុខ​ទៀត ហើយ​ជា​សំណាង ខ្ញុំ​បាន​ជួប​គ្រួសារ​បងស្រី និង​ម្ដាយ​បង្កើត​នៅ​ព្រៃភ្នំ។ ពេល​នោះ​ខ្ញុំ និង​បង​ស្រី​ព្រម​ទាំង​ម្ដាយ​លែង​បែក​គ្នា​ទៀត​ហើយ។ រស់​នៅ​ក្នុង​ព្រៃ​ម្ដុំ​ភ្នំ​តា​កែន​កោះ​ស្លា ដោយ​ទី​កន្លែង​នោះ​មាន​ទំនប់​ទឹក​អាច​មាន​ទឹក​ប្រើប្រាស់​បាន ឯ​ផ្ទះ​ក៏​យក​ស្លឹក​ឈើ​ធំ​ៗ​ប្រក់​ដំបូល​ធ្វើ​ជញ្ជាំង។ រយៈកាល​ដែល​ដេក​នៅ​ព្រៃភ្នំ វា​បាន​បង្ខំ​ឲ្យ​បងប្អូន​យើង​ទៅ​ច្រូត​ស្រូវ​នៅ​ម្ដុំ​ចូល​ផ្លូវ​ជាតិ​លេខ ៣ ខាង​លិច​ស្រុក​ឈូក ដើម្បី​យក​មក​ដាក់​ជង្រុក​រួម ហើយ​ត្រូវ​តែ​វេច​បាយ​ខ្លួន​ឯង​យក​ទៅ។ ខ្ញុំ​សូម​ជម្រាប​ថា ពេល​ដែល​វៀតណាម​ចូល​ពួកវា​បាន​ឲ្យ​ប្រជាជន​ទាំងអស់​អាច​ហូប​ជា​ឯកជន គឺ​ហូប​តាម​គ្រួសារ​រៀង​ៗ​ខ្លួន ព្រោះ​វា​រក​តែ​ប្រាស់​អាយុ​ដែរ គ្មាន​ពេល​ឯណា​ប្រមូល​ផ្ដុំ​គ្នា​ហូប​បាយ​រួម​ទេ។ ឯ​ស្រូវ​ដែល​ច្រូត​បាន​វា​ឲ្យ​យើង​កិន បុក​ជា​អង្ករ​ហើយ​ទើប​ចែក​តាម​គ្រួសារ​នីមួយៗ។ ការ​រស់​នៅ​ក្នុង​ព្រៃភ្នំ​ជិត​មួយ​ខែ គឺ​ការ​រស់​នៅ​ជា​ឯកជន តែ​ក្រោម​ការ​តាមដាន​យាមកាម​យើង​ដដែល។ ថ្ងៃ​ទី ១០ ខែ​កុម្ភៈ ឆ្នាំ ១៩៧៩ វេលា​ម៉ោង ១០ ព្រឹក រូប​ខ្ញុំ​បាន​រែក​បំពង់​ទឹក​ត្នោត​ម្ដង ៥ បំពង់ ទៅ​ដង​ទឹក​ត្រពាំង​មួយ​នៅ​ចម្ងាយ​ពី​កន្លែង​សម្រាក ៣០០ ម៉ែត្រ ពេល​នោះ​ខ្ញុំ​ក៏​មិន​ចាប់​អារម្មណ៍​ដែរ ព្រោះ​ពួក ប៉ុល ពត ក៏​ស្លៀក​អីចឹង​ដែរ។ តែ​ពេល​នោះ​មាន​ម្នាក់​លប​មក​និយាយ​ប្រាប់​ខ្ញុំ​ថា សមមិត្ត​កុំ​ភ័យ​អី ពួក​រណសិរ្សរំដោះជាតិ​ខ្មែរ​យើង​មក​ដល់​ទីនេះ​ហើយ។ ក្រោយ​ពី​បាន​ស្ដាប់​ជា​សំងាត់​មក ខ្ញុំ​ក៏​ត្រឡប់​មក​កន្លែង​សម្រាក​វិញ ដោយ​ខំ​ប្រឹង​រៀបចំ ប្រដាប់​ប្រដា​ហាក់​ដូចជា​ទៅ​តាម​វា​អីចឹង​ដែរ។ ពេល​ខ្ញុំ​កំពុង​តែ​រៀប​ចំ​នោះ ស្រាប់​តែ​ខាង​រណសិរ្ស និង​ពួក ប៉ុល ពត បាញ់​គ្នា​នៅ​មាត់បឹង​ខាង​កើត។ ពេល​នោះ​ពួក​មេ​កង មេ​ក្រុម​វា​មក​បង្ខំ​ឲ្យ​រត់​ឡើង​ភ្នំ​តាម​វា​ជា​បន្ទាន់ ព្រោះ​ពួក​យួន​មក​ដល់​ហើយ។ និយាយ​បាន​តែ​បន្តិច ពួក​វា​ក៏​រត់​វឹង​ចេញ​ទៅ ព្រោះ​វា​ខ្លាច​ជាង​យើង​ទៅ​ទៀត ឯ​ខ្ញុំ​ក៏​ប្រាប់​ពួក​វា​ដែល​មក​ដេញ​បន្ត​ថា មិន​អី​ទេ​ពូ ខ្ញុំ​ចេញ​ទៅ​ឥឡូវ​ហើយ ដោយ​ម៉ែ​គាត់​ឈឺ​ខ្លាំង​មិន​អាច​ដើរ​លឿន​ភ្លាម​ៗ​បាន​ទេ​ពូ។ ពេល​នោះ​ក្រុម​វា​ក៏​រត់​វឹង​ទៅ​បាត់​ទៀត ឯ​ប្រជាពលរដ្ឋ​ក៏​ជ្រួល​ច្របល់ ខ្លះ​មិន​ដឹង​ដូច​ខ្ញុំ ក៏​រត់​ឡើង​ភ្នំ​តាម​វា ឯ​អ្នក​រោង​ជិត​ៗ​ខ្ញុំ ក៏​មក​តាម​ខ្ញុំ គឺ​រត់​បញ្ច្រាស​មក​ខាង​រណសិរ្ស​វិញ ព្រោះ​ខ្ញុំ​បាន​ដឹង​រឿង​រួច​ទៅ​ហើយ។ ជាង ១ ម៉ោង ស្ងប់​គ្រាប់​កាំភ្លើង ខ្ញុំ និង​គ្រួសារ ចាប់​ផ្ដើម​ដើរ​ផង រត់​ផង ចូល​មក​ក្នុង​ការ​ការពារ​របស់​រណសិរ្ស។ តាំង​ពី​ម៉ោង ១០ ព្រឹក​ដើរ​រហូត​ដល់​ព្រលប់​ទើប​ហ៊ាន​ឈប់ ពេល​នោះ​ខ្ញុំ​មាន​ជំងឺ​គ្រុនក្ដៅ ឯ​ម្ដាយ​ឈឺ​ទៀត ខ្ញុំ​ត្រូវ​រែក​អម្រែក​ផង ដូច្នេះ​ត្រូវ​រែក​អម្រែក​ដើរ​ទៅ​មុខ បាន​ប្រហែល​ជា ១០០ ទៅ ២០០ ម៉ែត្រ ដាក់​អម្រែក​ទុក រត់​ត្រឡប់​មក​អៀវ​ម្ដាយ​ខ្ញុំ​យក​ទៅ​ដល់​កន្លែង​អម្រែក​នោះ រួច​ចាប់​រែក​ទៅ​មុខ​បន្ត​ទៀត រួច​រត់​មក​អៀវ​ម្ដាយ​ជា​បន្ត​ៗ​ៗ រហូត​ដល់​ព្រលប់​ឈប់​សម្រាក ដើម្បី​ដាំ​បាយ​ហូប​ព្រោះ​ប្រឹង​ដើរ-រត់​តាំង​ពី​ម៉ោង ១០ ព្រឹក​មក​វា​អស់​កម្លាំង​ហេវហត់​ខ្លាំង​ណាស់​ហើយ។ ម៉ោង​ប្រហែល​ជា ១០ យប់ ក្រោយ​ពី​ហូប​បាយ​ហើយ ខ្ញុំ និង​បងប្អូន​ដែល​រត់​គេច​មក​នេះ ក៏​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​បន្ត​ទៀត បងប្អូន​ខ្លះ​មក​មិន​ទាន់​រួច​រង់​ចាំ​ព្រឹក​ឡើង​ទើប​បន្ត​មក​តាម​ក្រោយ​ទៀត។ ថ្ងៃ​ទី ១ យើង​រត់​គេច​ចេញ​បាន ថ្ងៃ​ទី ២ ដើរ​មក​ដល់​ដងទង់ ថ្ងៃ​ទី ៣ នៅ​ភូមិ​សូភី ថ្ងៃ​ទី ៤ នៅ​ស្រែ​ជា ថ្ងៃ​ទី ៥ នៅ​កំពង់ត្រាច ថ្ងៃ​ទី ៦ នៅ​វិទ្យាល័យ​ទូក​មាស ថ្ងៃ​ទី ៧ ដេក​នៅ​ច្រក​សៀម ថ្ងៃ​ទី ៨ ដេក​នៅ​តានី ថ្ងៃ​​ទី ៩ ដេក​នៅ​បារាយ​វិហារ​ពីរ ថ្ងៃ​ទី ១០ ដល់​ស្រុក​កំណើត ភូមិ​អង្កាញ់ ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្ត តាកែវ (ថ្ងៃ ១៩ កុម្ភៈ ១៩៧៩) មក​ដល់​ស្រុក​កំណើត​វិញ ខាង​ភូមិ​គេ​ប្រគល់​ផ្ទះ​ខ្ទម ១ ប្រហែល ៣ ម x ៤ ម  និង​ស្រូវ​ប្រហែល​ជា ១០ តៅ។ ពេល​នោះ​ខ្ញុំ និង​ប្រពន្ធ​ក៏​ខំ​ប្រឹង​ដើរ​រើស​គួរ​ស្រូវ បូត​បាន​គ្រាន់​ហូប​នឹង​គេ។ ដល់​ខែមេសា គេ​ឲ្យ​ចូល​ធ្វើ​គ្រូ​បង្រៀន​ក្មេង​ដែល​សល់​ពី​ជំនាន់ ប៉ុល ពត ពេល​នោះ​បង្រៀន​ផង ធ្វើ​ស្រែ​ផង ព្រោះ​មាន​ភ្លៀង​ធ្លាក់​បណ្ដើរៗ ហើយ​ឯ​ស្រែ គឺ​ធ្វើ​តាម​ក្រុម​រួម។ ដល់​ខែ​កក្កដា ១៩៧៩ ខ្ញុំ​មក​ភ្នំពេញ​ម្ដង ដើម្បី​រក​បងប្អូន មិត្តភ័ក្ដិ ពេល​នោះ​ខ្ញុំ​មក​ជួប​មិត្តភ័ក្ដិ ដែល​នៅ​រស់​គេ​មក​ចាប់​អោប​ខ្ញុំ ហើយ​យំ​ទាំងអស់​គ្នា។ ពេល​នោះ​ខ្ញុំ​មិន​ទាន់​ចូល​ធ្វើការ​ទេ។ ខែ​មករា ១៩៨០ ខ្ញុំ​មក​ភ្នំពេញ​ទៀត ហើយ​ដាក់​ពាក្យ​ចូល​ធ្វើការ​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ក្រុងភ្នំពេញ។ ខែ​មីនា ១៩៨០ រដ្ឋ​បាន​ចាប់​ផ្ដើម​បោះ​ក្រដាស​ប្រាក់​ចាយ ខ្ញុំ​ក៏​បាន​ចូល​ធ្វើការ​នៅ​ខែ​មីនា ១៩៨០ នោះ​ដែរ ដោយ​បាន​ប្រាក់​បៀវត្សរ៍​មួយ​ខែ ១០៥ រៀល។ ពេល​ធ្វើការ​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ក្រុង គឺ​ខ្ញុំ​ត្រូវ​ចាត់​តាំង​ធ្វើ​ជា​គណនេយ្យ​នៅ​អគារ​តំបន់ ៤ (ភ្លើង​ស្ទប់​ទេពផន) ហើយ​ផ្ទះ​រដ្ឋ​ឲ្យ​នៅ​ពី​លើ​អាគារ​តែ​ម្ដង។ ធ្វើ​ជា​គណនេយ្យ​នៅ​អាគារ​តំបន់ ៤ នេះ​បាន​រហូត​ដល់​ខែ​មករា ១៩៨១ មន្ទីរ​បាន​ចាត់​តាំង​ឲ្យ​ខ្ញុំ​មក​ធ្វើ​ជា​គណនេយ្យ​បូក​សរុប​នៅ​ក្រុមហ៊ុន​ស្បៀង​វិញ។ ធ្វើ​ជា​គណនេយ្យ​បូក​សរុប​បាន ៣ ខែ មន្ទីរ​បាន​ចាត់​តាំង​រូប​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ប្រធាន​គណនេយ្យ ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ដែល​មាន​ទីតាំង​នៅ​ខាង​កើត​សណ្ឋាគារ​ស (ឈ្មោះ​ពីមុន សណ្ឋាគារ​ប៉ៃលិន)។ ធ្វើ​ជា​ប្រធាន​គណនេយ្យ​ក្រុមហ៊ុន​នេះ ដែល​គ្រប់គ្រង​សាខា​ក្រោម​ឱវាទ ២២ សាខា។ ចាប់​ពី​ខែ​មីនា ១៩៨១ ដល់​ចុង​ឆ្នាំ ១៩៩០ សាខា​ក្រុង​តំរូវ​ឲ្យ​ខ្ញុំ​មក​ធ្វើ​ជា​អនុប្រធាន​គណនេយ្យ​អគ្គិសនី​កម្ពុជា​វិញ ដោយ​យោង​តាម​ប្រវត្តិ​ខ្ញុំ​ធ្លាប់​ធ្វើ​ជា​គណនេយ្យ​អគ្គិសនី​កម្ពុជា​នេះ​ពី​សង្គម​ចាស់ រហូត​ដល់​ថ្ងៃ ១៧ ឧសភា ១៩៧៥។ ធ្វើ​ជា​អនុប្រធាន​គណនេយ្យ​បាន​មួយ​ឆ្នាំ ខ្ញុំ​ត្រូវ​ក្រុមហ៊ុន​ចាត់​ឲ្យ​ទៅ​ធ្វើ​ជា​អនុប្រធាន​អគ្គិសនី​ក្រុង​ព្រះ​សីហនុ ដែល​មុខ​ខ្ញុំ​ទៅ​ធ្វើ​នេះ (ជំនាន់​លោក ឃឹម បូ ជា​ចៅហ្វាយ​ក្រុង) ភ្លើង​កំពង់សោម​ឆេះ​បាន​តែ ៦ ម៉ោង​ទេ គឺ​បើក​ម៉ោង ១៨:០០ ដល់ម៉ោង ២៤:០០ តែ​ក្រោយ​ពេល​ដែល​មាន​ការ​គ្រប់គ្រង និង​រៀបចំ​បាន​ត្រឹមត្រូវ ភ្លើង​កំពង់សោម គឺ ២៤ លើ ២៤ ម៉ោង ដែល​ធ្វើ​ឲ្យ​លោក​ចៅហ្វាយ​ក្រុង​មាន​ការ​សរសើរ​យ៉ាង​ខ្លាំង។ ឆ្លៀត​ពេល​នៅ​កំពង់សោម​នោះ ខ្ញុំ​ក៏​បាន​ជួយ​មើល​ការ​ខុសត្រូវ​សណ្ឋាគារ​មិត្តភ័ក្ដិ​ម្នាក់ (សណ្ឋាគារ សុរិយា) ដែល​ចាប់​ដំណើរ​កាល​ពី​ថ្ងៃ​ទី ០៦ ខែ​មករា ឆ្នាំ ១៩៩៣ ត​មក។ ក្រោយ​ពេល​បោះឆ្នោត​ឆ្នាំ ១៩៩៣ ខ្ញុំ​ក៏​ត្រឡប់​មក​នៅ​ភ្នំពេញ​វិញ។ សម្រាក​មួយ​រយៈ ក៏​បាន​ជួប​មិត្តភ័ក្ដិ​គេ​អោយ​ចូល​ធ្វើ​ការ​ជា​គណនេយ្យ​នៅ​ក្រុមហ៊ុន​ហូលីម៉េច (របស់​ថៅកែ ហ៊ឹម ហុង)។ ធ្វើ​បាន​ជិត​មួយ​ឆ្នាំ ពេល​នោះ​ប្អូន​ថៅកែ​ហុង​ក៏​បាន​បើក​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត ខ្ញុំ​ក៏​បាន​ចេញ​មក​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ថ្មី (តាំង សេង) ពី​ខែ​កក្កដា ១៩៩៤ រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

          មនុស្ស​ច្រើន​លាន​នាក់​ណាស់ ដែល​រស់​នៅ​ហើយ​មាន​ការ​ចងចាំ​នូវ​មហា​អាស្រូវ មហា​យង់ឃ្នង​របស់​ពួក ប៉ុល ពត។ ប្រហែល​​ក្មេង​ៗ​សម័យ​ក្រោយ​នេះ​គិត​ថា ជា​រឿង​មួយ​ដែល​ខ្ញុំ​បាន​ប្រឌិត។ តាម​ពិត​ទៅ​វា​ជា​រឿង​ពិត ហើយ​មហា​សង្វេគ​ណាស់​ក្នុង​របប ប៉ុល ពត នេះ។ តាម​ពិត​ខ្ញុំ​លើក​មិន​អស់​ទេ​នូវ​សកម្មភាព ដែល​ឃើញ​ជាក់​ស្ដែង ហើយ​លើក​មិន​បាន​គ្រប់​ជ្រុងជ្រោយ​ទេ។ ខ្ញុំ​សូម​ជម្រាប​ថា តែ​រយៈពេល​មួយ​ប៉ប្រិច​ភ្នែក គឺ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ខ្ញុំ​ត្រូវ​បាត់បង់​សមាជិក​គ្រួសារ​អស់ ១៤ នាក់ (ឪពុក​បង្កើត បងប្អូន​បង្កើត ក្មួយ​ដែល​មិន​ទាន់​ដឹង​អី) ។

          ជា​ទី​បញ្ចប់​នៃ​ជីវិត​ខ្ញុំ​នេះ​ក៏​ដូច​ជា​បងប្អូន​ប្រជាជន​កម្ពុជា​ទាំងអស់ គឺ​ចង់​ឃើញ ចង់​បាន​តុលាការ​យុត្តិធម៌​មួយ កាត់ទោស ពួក​មេ​ដឹកនាំ​ប្រល័យ​ពូជសាសន៍​នេះ ដើម្បី​ឲ្យ​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​នោះ​អស់​ចិត្ត និង​ដើម្បី​ឲ្យ​ព្រលឹង​អ្នក​ដែល​បាន​ស្លាប់​បាន​សោយសុខ​ក្នុង​សុគតិភព​ផង។

ភ្នំពេញ, ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ២០០០

ស៊ឹន អ៊ាន              


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: