ទំព័រដើម » អក្សរសិល្ប៍ » ប្រលោមលោក » ជីវិតខ្ញុំ (ភាគបន្ត)

ជីវិតខ្ញុំ (ភាគបន្ត)

ជាតិ សាសនា ព្រះមហាក្សត្រ
MV GROUP

បណ្ណសារ

Can not read please click on picture to download font KhmerUnicodeDOWNLOAD

បង្កើតប្លុក



អ្នកកំពុងទស្សនា

អ្នកទស្សនា

  • 10,497 hits

          មាន​ថ្ងៃមួយ​ខ្ញុំ​ដាំ​បបរ​លាយ​ស្លឹក​ដំឡូង​ឆ្អិន​ហើយ តែ​ចៃដន្យ​ឆេះ​បង្គោល​ឈើ​ដែល​ចង​ដាំ​នោះ ហើយ​បបរ​ក៏​កំពប់​អស់​រលីង​មក​លើ​ដី ឆេះ​បង្គោល​ចង្ក្រាន​នោះ។ ពេល​នោះ​ហើយ​ដែល​សង្វេគ​ពេក ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន។ ណា​មួយ​ឃ្លាន ណា​មួយ​ជិត​ដល់​ម៉ោង​ធ្វើការ​ផង ក្រោយ​ពី​កំពប់​បបរ​អស់​ខ្ញុំ​ក៏​ខំ​យក​ស្លាបព្រា​ប្រមូល​បបរ​ស្លឹក​ដំឡូង​ដែល​កំពប់​នោះ​បាន​បន្តិច ដើម្បី​ហូប​កុំ​ឲ្យ​ដាច់ពោះ។ ហើយ​មិត្ត​ខ្ញុំ​បាន​ទៅ​រាយការណ៍​ឲ្យ​ពូ​ប្រធាន​ក្រុម ដែល​មាន​ចម្ការ​ពោត​នៅ​ជិត​នោះ គេ​ក៏​បាន​បេះ​ពោត​ខ្ចី​ឲ្យ​ខ្ញុំ​បាន ៥ ផ្លែ តែ​អនិច្ចា​ពោត​មួយ​ផ្លែ​មាន​ប្រហែល​បួន​ដប់​គ្រាប់​ប៉ុណ្ណោះ។ ពេល​នោះ​ខ្ញុំ​បក​ហើយ​ក៏​ហូប​ពោត​នោះ ដោយ​ទំពា​ទាំង​ស្នូល​ពោត​លាយ​ជាមួយ​ផង ដើម្បី​ឲ្យ​តឹង​ក្រពះ​នឹង​គេ។ ការ​កាប់​គាស់​ដី​ចម្ការ​ព្រៃភ្នំ ដើម្បី​ដាំ​ដំណាំ​នោះ គឺ​ធ្វើ​រហូត​ដល់​រដូវ​ចម្រូត​ទើប​ដក​កម្លាំង​មក​ច្រូត​ស្រូវ​វិញ។ ពេល​ចាប់​ផ្ដើម​រដូវ​ចម្រូត​មក​ដល់ របប​ហូប​គឺ​ចាប់​ផ្ដើម​បបរ​រាវ​រាល់​ថ្ងៃ រួច​បបរ​ឈ្មោល ដល់​ច្រូត​ពេញ​បន្ទុក គឺ​បាន​របប​បាយ​ស្រួយ​ខ្លះ​ៗ តែ​មិន​យូរ​ថ្ងៃ​ខែ​ពេក​ទេ គឺ​ដល់​បបរ​វិញ​ហើយ ដោយ​គេ​ថា​សន្សំសំចៃ​ទុក​ឆ្នាំ​ក្រោយ។

          ផ្ទៃ​មេឃ​ស្រឡះ តែ​ទឹក​ចិត្ត​មនុស្សម្នា​ទាំង​អស់​នៅ​ទី​ណា​ក៏​ដោយ ជា​ទូទៅ គឺ​ស្រអាប់​ព្រោះ​និរាស​ព្រាត់ប្រាស ការ​រស់​នៅ​យ៉ាង​សែន​វេទនា​ក្នុង​គុក​ឥត​ជញ្ជាំង ការ​ធ្វើ​ឲ្យ​ប្រជាជន ១៧ មេសា ១៩៧៥ ស្លាប់​មុន​ដាច់​ខ្យល់​ដក​ដង្ហើម​ទៅទៀត។

          តាំង​ពី​មាន់​រងាវ ឬ​តាំង​ពី​ព្រលឹម​ងងឹត ប្រជាជន​ទាំង​អស់​មិន​ថា គេ ឬ​ខ្ញុំ ត្រូវ​ចេញ​ដំណើរ​ទៅ​ការដ្ឋាន​រៀង​ៗ​ខ្លួន។ ដូច​ជា​រូប​ខ្ញុំ​ពី​ផ្ទះ​ដល់​ចម្ការ ព្រៃភ្នំ ចម្ងាយ​មិន​តិច​ជាង ១០ គ.ម.ទេ ដូច​នេះ​ត្រូវ​តែ​រូត​រះ​ក្រោក​ឡើង​ធ្វើ​យ៉ាងម៉េច​ភ្លឺ​ដល់​ការដ្ឋាន។ ការ​ហូប​ចុក​ត្រូវ​ហូប​ជា​សមូហភាព មិន​មាន​នរណា​ម្នាក់​ហូប​ឯកជន ឬ​ជា​លក្ខណៈ​សួនតួ​បាន​ឡើយ។ សូម្បី​តែ​ត្រី ក្ដាម ខ្ចៅ ខ្យង បន្លែ​ព្រៃភ្នំ ស្ដៅ ដំបងយក្ស…។ ឯ​របស់​របរ​ប្រើប្រាស់ គ្រឿង​ពេជ្រ ខ្សែ​ករ ខ្សែដៃ ក្រវិល ចិញ្ចៀន ជា​ពិសេស​ទៅ​ទៀត គឺ​នាឡិកាដៃ ឲ្យ​តែ​វា​ឃើញ គឺ​ស្នើ​យក​ទាំងអស់ បើ​មិន​ឲ្យ​ទេ​ត្រូវ​បាត់​ខ្លួន។ ការ​ហូប​បាយ​ក៏​ហូប​ជា​សមូហភាព គឺ​មួយ​ឆ្នាំ​ហូប​បាយ​ស្រួយ​បាន​មួយ​ខែ មួយ​ខែ​បន្ទាប់​មក​បាយ បបរ​ឈ្មោល ២ ខែ បាយ​បបរ​រាវ ៦ ខែ (បបរ​លាយ​ស្លឹក​ដំឡូងមី ដំឡូងជ្វា ព្រលិត) ហូប​ពោត​ល្ង​សុទ្ធ ១ ខែ ហូប​ដំឡូង​មី​ស្ងោ​សុទ្ធ ១ ខែ។ រហូត​ពេល​ខ្លះ​ហូប​បបរស្ករ​ជំនួស​បាយ​ថ្ងៃ ឬ​ល្ងាច ក្នុង ១ ខែ បួន​ប្រាំ​ថ្ងៃ​ក៏​មាន​ដែរ។ ដោយ​ឡែក​តែ​រូប​ខ្ញុំ ក្រោយ​ពេល​ដែល​មក​ធ្វើការ​នៅ​ការដ្ឋាន​កាប់​គាស់​ព្រៃ​ធ្វើ​ចម្ការ និង​ដោយ​ការ​ហាត់​ពត់​លត់​ដំ​បាន​ល្អ គេ​ក៏​ដូរ​មក​ធ្វើការ​នៅ​រោង​បាយ​វិញ ដោយ​មាន​ភារកិច្ច​រក​អុស​ព្រៃភ្នំ​មក​ដាក់​រោង​បាយ​សមូហភាព មួយថ្ងៃ​ពីរ​ជើង។ គឺ​គេ​ប្រគល់​រទេះ​គោ និង​គោ​មេ​មួយ​នឹម ដោយ​ឡែក​ពួក​គេ គេ​រើស​គោ​ឈ្មោល​ក្មេង​ៗ កម្លាំង​ខ្លាំង ឯ​ខ្ញុំ​គេ​ឲ្យ​គោ​មេ តែ​ធ្វើ​យ៉ាង​ម៉េច​ត្រូវ តែ​រក​អុស​មក​ផ្គត់ផ្គង់​រោង​បាយ​ឲ្យ​បាន​គ្រប់គ្រាន់ បើ​ពុំ​នោះ​ទេ​ត្រូវ​អង្គការ​កាត់ទោស​ហើយ។ មាន់​រងាវ​ខ្ញុំ​ចេញ​រទេះ​សំដៅ​ព្រៃភ្នំ​ដែល​មាន​ចម្ងាយ ៧-៨ គ.ម. ឬ ១០ គ.ម. ទៅ​ដល់​ត្រូវ​ចង​គោ​កន្លែង​ណា​មាន​ស្មៅ​គោ​ស៊ី ហើយ​ខ្ញុំ​យក​កាំបិត ១ ពូថៅ ១ ដើរ​រក​កាប់​ឈើ​ណា​រលំ ឬ​ឈើ​ណា​ដែល​សល់​ពី​វា​កាប់ព្រៃ​វាត​ធ្វើ​ចម្ការ កាត់​ជា​កង់​ៗ​ល្មម​រទេះ រួច​លី​ខ្លួន​ឯង​មក​រៀប​ចំ​ដាក់​រទេះ ហើយ​ត្រឡប់​មក​រោង​បាយ​វិញ។ ដាក់​ចុះ​អុស​អស់ វា​ឲ្យ​ហូប​បាយ ហូប​បាយ ហើយ​ប្រហែល​ម៉ោង ១ ត្រូវ​ចេញ​ដំណើរ​ទៅ​មួយ​ជើង​ទៀត ហើយ​ត្រឡប់​ដល់​រោង​បាយ​ជើង​ទី ២ រហូត​ដល់​ម៉ោង ៧ ឬ ៨ យប់ ដាក់​អុស​ហើយ គេ​ឲ្យ​ហូបបាយ។ ហើយ​មាន​យប់​ខ្លះ​គេ​ឲ្យ​មក​ជួយ​ជាន់​អង្ករ បងប្អូន​ការដ្ឋាន​ភូមិ​ទៀត រហូត​ដល់​ម៉ោង ១១-១២ យប់​ក៏​មាន។ ទោះ​ជា​ធ្វើ​ដល់​ម៉ោង​ណា​ក៏​ដោយ តែ​ភារកិច្ច​រក​អុស​ត្រូវ​តែ​នៅ​ដដែល គឺ​មាន់​រងាវ​ចេញ​ដំណើរ​ទៅ​ព្រៃភ្នំ។

          មួយ​ឆ្នាំ​ក្នុង​រោង​បាយ ខ្ញុំ​ឃើញ​អស់​ហើយ​អ្វី​ដែល​គេ​ថា សមូហភាព អ្វី​ដែល​គេ​ថា​អង្គការ​ស្មើភាព ហូប​ស្មើភាព​ជាក់​ស្ដែង បើ​វា​កាប់​គោ កាប់​ជ្រូក ឬ​បាន​ត្រី​សមុទ្រ ឬ​ទឹកត្រី​កំពត គឺ​ពួក​វា​ហូប​អស់​សាច់​ល្អ ត្រី​ធំ ទឹកត្រី​ឆ្ងាញ់ គឺ​សល់​តែ​ឆ្អឹង​ត្រី​តូច​ៗ សម្រាប់​បងប្អូន​ទាំងអស់ បើ​ទឹកត្រី​វិញ​ពួក​វា​ហូប​ទឹកត្រី​ឱ​ទិន​សុទ្ធ។ ឯ​ទឹកត្រី​ឲ្យ​ប្រជាជន​វិញ គឺ​យក​ទឹកត្រី ១ ឱ​ទិន​ចាក់​រង្វាស់ ១ ខ្ទះ​ត្នោត​លាយ​ទឹក​ថែម​ស្ករ អំបិល ទើប​ឲ្យ​ប្រជាជន​ហូប។ បាយ​គឺ​ពួកវា​បាយ​ស្រួយ​រហូត​មិន​ថា ខែ​ណា​ជា​ខែ​ណា​ទេ។ រឿង​ដែល​ខ្ញុំ​ស្រណោះ​អាណិត​បំផុត​ក្នុង​ជីវិត​ខ្ញុំ គឺ​លោក​ឪពុក​ដែល​ជា​អ្នក​មាន​គុណ​គ្មាន​ន​អ្វី​ប្រៀប​ស្មើ ហើយ​មាន​វ័យ​ជាង ៧០ ឆ្នាំ ទៅ​ហើយ នៅ​ត្រូវ​ពួក​វា​បង្ខំ​ឲ្យ​ទៅ​រក​ផ្ដៅ កាប់​កូន​ឈើ​ព្រៃភ្នំ​ដែរ។ អង្គការ​ចាត់​តាំង​ហើយ គ្មាន​អ្នកណា​តវ៉ា​បាន​ទេ។ លោក​ឪពុក​ក្រោក​ពី​ព្រលឹម​ទៅ​កាប់​កូន​ឈើ​ជាមួយ​គេ។ កាប់​ហើយ​ត្រូវ​លី​យក​មក​ភូមិ​វិញ ទៅ​បាន​មួយ​ខែ​ មួយ​អាទិត្យ​ត្រូវ​មាន​ជំងឺ​គ្រុនចាញ់ រាគ​មួល​សុទ្ធ​តែ​ឈាម ក៏​តម្រូវ​សម្រាក​ពេទ្យ​ឃុំ​គេ ដែល​គ្មាន​ថ្នាំ​សង្កូវ​អ្វី​ក្រៅពី ឫស​ឈើ មើម​ឈើ និង​យក​ទឹកដូង​ខ្ចី​ធ្វើ​សេរ៉ូម​ចាក់។ ឪពុក​ខ្ញុំ​ដោយ​មាន​ម្ដាយ​ជរា ដែល​នៅ​កំដរ​ក្នុង​ពេទ្យ​គេ​នោះ បើក​របប​បបរ​រាវ ព្រោះ​គេ​ថា​អ្នក​ជំងឺ​ត្រូវ​តែ​ហូប​អីចឹង។ ដោយ​ការ​អង្វរករ​នៅ​មន្ទីរពេទ្យ​ឃុំ ឪពុក​ខ្ញុំ​ត្រូវ​បាន​បញ្ជូន​មក​ពេទ្យ​ស្រុក (គឺ​នៅ​ស្រុក​កំពង់ត្រាច) ដែល​ជា​សាលារៀន​ចិន​ពី​សង្គម។ នៅ​ពេទ្យ​ស្រុក​ក៏​ដូច​ជា​ពេទ្យ​ឃុំ​ដែរ គ្មាន​ថ្នាំ​សង្កូវ​អ្វី​ទេ អ្នក​ជំងឺ គឺ​រង់​ចាំ​តែ​ថ្ងៃ​ស្លាប់​ប៉ុណ្ណោះ។ អ្វី​ដែល​ស្រណោះ​លោក​ឪពុក​ខ្ញុំ ពេល​ដែល​កំពុង​សម្រាក​ហើយ​នៅ​និយាយ​បាន គាត់​និយាយ​ប្រាប់​ខ្ញុំ​ថា កូន​ឯង​មិន​បាច់​មើល​ឳ​ទេ ឳ​ដល់​ពេល​ទៅ​ហើយ កូន​ឯង​ត្រូវ​មើល​ថែ​រក្សា​ម៉ែ​ឯង​ឲ្យ​ដិត​ដល់​ផង ហើយ​បើ​មាន​ឱកាស ស្រុក​ស្រួល​បួល​វិញ កូន​ឯង​ដើរ​រក​បងប្អូន​រស់​នៅ​ជួបជុំ​គ្នា​ផង។ ពេល​នេះ​គាត់​និយាយ​តិច​ៗ​ថា ឯង​មូល​បារី​ឲ្យ​ឳ​មួយ​មក ខ្ញុំ​ក៏​មូល​បារី​រួច​ដុត​ជូន​គាត់​ពិសា ពិសា​បាន​ពីរ បី​ហឺត ខ្ញុំ​ក៏​លា​គាត់​មក​ការដ្ឋាន​ជិត​ពេទ្យ​នោះ​វិញ។ គ្រាន់​តែ​ខ្ញុំ​ចេញ​ផុត​ប្រហែល​ជា​កន្លះម៉ោង ស្រាប់​តែ​ឃើញ​ម្ដាយ​ខ្ញុំ​ដើរ​មក​យ៉ាង​លឿន ហើយ​យំ​ពី​ចម្ងាយ ខ្ញុំ​ក៏​ចាប់​អារម្មណ៍​ភ្លាម​ថា ឳ​ខ្ញុំ​យ៉ាងម៉េច​ហើយ ម៉ែ​និយាយ​អួល​ដើមក​ថា កូន ឳ​ឯង​ស្លាប់​ហើយ ហើយ​មុន​ស្លាប់​គាត់​សួរ​រក​តែ​ឯង ហើយ​ម៉ែ​ប្រាប់​ថា កូន​មក​មិញ​ហ្នឹង ដុត​បារី​ឲ្យ​ឯង​ពិសា ឥឡូវ​វា​ទៅ​ធ្វើការ​ហើយ។ សួរ​ឯង​ផុត​ពី​មាត់ ក៏​បាត់​មាត់​ឈឹង​តែ​ម្ដង។ ពេល​នោះ​ខ្ញុំ​ក៏​ទៅ​សុំ​ពូ​ប្រធាន​កង​ទៅ​យក​ឪពុក​ទុក​ដាក់​ឲ្យ​បាន​ស្រួយ​បួល។ ដល់​ពេទ្យ​គ្មាន​អ្វី​ខ្ចប់​ឪពុក​ទេ គឺ​មាន​តែ​កន្ទេល​ស្លឹក​ត្នោត រួច​ម៉ែ​មាន​ក្រណាត់​ស​មួយ​ដុំ​រុំ​ពុក ហើយ​ក៏​សែង​គាត់​ជាមួយ​ក្មួយ​ស្រី​បង្កើត​ខ្ញុំ​ម្នាក់​ទៀត (មី​អ៊ីម) យក​ទៅ​កប់​រណ្ដៅ​មួយ​ក្បែរ​មាត់​បឹង​ខាង​លិច​មន្ទីរពេទ្យ​គេ​នោះ​ទៅ (ឪពុក​ស្លាប់​ខែ ១០ ឆ្នាំ ១៩៧៧)។

          ឆ្នាំ ១៩៧៧ វា​ឲ្យ​ខ្ញុំ​មក​ការដ្ឋាន​ភ្ជួរ​ស្រែ​វិញ គឺ​ឲ្យ​មេ​គោ​កញ្ចាស់​ដដែល ហើយ​ត្រូវ​ភ្ជួរ​ឲ្យ​ទាន់​វា បើ​មិន​ទាន់ វា​ទុក​ឲ្យ​យើង​ភ្ជួរ​ម្នាក់​ឯង​រហូត​ដល់​ហើយ ពួក​វា​អង្គុយ​ជក់​បារី​ធ្វើ​ព្រងើយ។ ពេល​មក​ភ្ជួរ​ខ្លួន​ខ្ញុំ​មិន​ទាន់​ចេះ​ទេ គឺ​ប្រឹងប្រែង​រហូត​ដល់​ចេះ​នឹង​គេ។ ដោយ​ការ​ហេវហត់ អត់​ងងុយ ហូប​មិន​ឆ្អែត ធ្វើការ​ហាល​ភ្លៀង យប់​មួយ​នោះ​មក​ដល់​រោង​វិញ គឺ​មេឃ​កំពុង​តែ​ភ្លៀង មិន​ដឹង​បាន​អឺ​ជ្រក ក៏​ដើរ​រក​បាន​ធាងត្នោត​ដែល​ធ្លាក់​បាន​ពីរ​មក​ធ្វើ​ដំបូល​ជ្រក​សម្រាប់​ដេក គឺ​មិន​ត្រូវ​ទឹក​ត្រឹម​ចង្កេះ​ឡើង​លើ ឯ​ពី​ចង្កេះ​មក​ក្រោម​ទទឹក​ជោគ ដោយ​យប់​នោះ​ភ្លៀង​រលឹម​ទើស​ភ្លឺ តែ​ដោយ​ការ​ហេវហត់​ចេះ​តែ​ដេកលក់ រហូត​ដល់​មាន់​រងាវ​ត្រូវ​ក្រោក​ដើរ​ទៅ​ភ្ជួរ​ស្រែ​ទៀត ដែល​មាន​ចម្ងាយ ៦-៧ គ.ម.ពី​រោង។ ពេល​ដើរ​ទៅ​លី​នង្គ័ល ដឹក​គោ​ឲ្យ​ដើរ​ពីមុខ​ខ្លួន​ខ្ញុំ​រហូត​ដល់​ដេក​ដើរ ហើយ​លក់​មួយ​ភ្លែត​ៗ​ក៏​មាន​ដែរ។ ពេល​ធ្វើ​ហើយ​ថ្ងៃ​នោះ​ម៉ោង ១២ ថ្ងៃ​ត្រង់​គេ​ដឹក​បាយ​ទៅ​ដល់ ភ្លៀង​រឹត​តែ​ខ្លាំង​ឡើង តែ​គេ​នៅ​តែ​ដួស​បាយ​សម្ល​ឲ្យ​ហូប គេ​មិន​ចាំ​រាំង​ភ្លៀង​ទេ។ បាយ​ក៏​ត្រូវ​ទឹក សម្ល​ក៏​ត្រូវ​ទឹក ប៉ុន្តែ​ត្រូវ​តែ​ហូប​ដើម្បី​ជីវិត។ ផុត​ពី​ភ្ជួរ​រាស់ ក្រោយ​ពេល​ដក​ស្ទូង ខ្ញុំ​ត្រូវ​គេ​ឲ្យ​ទៅ​ខាង​ដក​ដំឡូង កាច់​ពោត​ម្ដង ព្រោះ​ពី​ខែ ៨-១០ គឺ​ជា​ខែ​ត្រូវ​ហូប​ពោត​ស្ងោរ​សុទ្ធ ដំឡូង​មី​ស្ងោរ​សុទ្ធ ខ្ញុំ​គេ​ឲ្យ​ធ្វើ​ជា​អ្នក​ដាំ​ស្ល​ម្ដង។ បងប្អូន​ចូល​ចិត្ត​ខ្ញុំ ស្រលាញ់​ខ្ញុំ​ខ្លាំង​ណាស់​នា​ពេល​នោះ ព្រោះ​ខ្ញុំ​ដាំ​បាយ​ឲ្យ​គេ​ហូប​គ្រប់គ្រាន់ ស្ល​ឆ្ងាញ់ (សម្ល​ឆ្ងាញ់​ពេល​នោះ គឺ​ខ្ញុំ​ស្ល​និង​ខ្ទិះ​ដូង​ទុំ គ្មាន​ម្ហូប​ទេ មាន​តែ​ស្លឹក​គ្រៃ រមៀត អំបិល ទឹកត្រី) យូរ​ៗ​គេ​ឲ្យ​មាន់​មួយ​ហូប​មួយថ្ងៃ​ចំនួន​គ្នា​ហូប 30 នាក់។ ម្ហូប​នេះ​គេ​ថា ពិសេស​ហើយ​គ្នា ៣០ នាក់​ឲ្យ​មាន់ ១ មួយ​ថ្ងៃ​នោះ។ ពេល​យប់​ខ្ញុំ​តែង​តែ​ដុត​ដំឡូង អាំង​ដំឡូង ទុក​ឲ្យ​គ្នា​មក​ពី​កន្លែង​ដក​ដំឡូង​វិញ​បាន​ហូប។ ឯ​អង្ករ​វិញ​គេ​ឲ្យ​មួយ​ថ្ងៃ​ម្នាក់​កាច​កំប៉ុង តែ​យើង​បាន​ហូប​រាល់​ថ្ងៃ​ទៅ ទៅ​ជា​ហូប​ថយ​ទៅ​វិញ។ ដល់​ខែ​ច្រូត​កាត់​មក​ដល់ ខ្ញុំ​ត្រូវ​គេ​បញ្ជូន​មក​ខាង​ច្រូត​ស្រូវ​វិញ​ម្ដង គឺ​ច្រូត​ផង រែក​កណ្ដាប់​មក​ទុក​ក្នុង​លាន​ផង និង​មាន​ភារកិច្ច​មួយ​ទៀត ត្រពាំង​ណា​ធំ ស្រែ​ជម្រៅ​ដែល​មាន​ឈ្លើង ខ្ញុំ​ជា​អ្នក​ដើរ​បេះ​ឈ្លើង​ឲ្យ​គេ។ សូម​ជម្រាប​ថា កន្លែង​ខ្លះ​ដែល​ឈ្លើង​ច្រើន ពេល​ច្រូត ១ កណ្ដាប់​ចង​រួច​ឈ្លើង​ទាម​ពី ២ ទៅ ៣ ក៏​មាន។ មួយ​ព្រឹក​បេះ​ឈ្លើង​បាន​កន្លះ​ចាន​ដែក​ក៏​មាន​ដែរ។ ឆ្នាំ ១៩៧៨ ពេល​នោះ​មាន​សង្គ្រាម​ជាមួយ​វៀតណាម ក្រុម​ចល័ត​ពួក​ខ្ញុំ​គេ​តម្រូវ​ឲ្យ​ទៅ​ច្រូត​នៅ​ទល់ដែន ដែល​ពេល​នោះ​កំពុង​មាន​សង្គ្រាម​គ្រាប់ប្លោង គ្រាប់​ដៃ​បាញ់​គ្នា​យ៉ាង​ខ្លាំង តែ​វា​បញ្ជូន​ឲ្យ​ទៅ គឺ​ច្រូត​ពេល​យប់។ ក្នុង​ម្នាក់​ច្រូត​បាន​ប៉ុន្មាន​ត្រូវ​យក​មក​ខ្លួន​ឯង​ទាំងអស់។ ថ្ងៃ​ខ្លះ​ចេញ​ច្រូត​ពេល​ព្រឹក ឬ​ល្ងាច​ក៏​មាន ពេល​ណា​ចេញ​ច្រូត​ពួក​វៀតណាម​វា​ប្លោង​ដាក់​ក្ដុងក្ដាំង តែ​វា​មិន​ឲ្យ​យើង​ឈប់​ទេ គឺ​គ្រាន់​តែ​ក្រាប​នៅ​ក្នុង​ស្រែ​មួយ​ភ្លែត ស្ងប់​វា​ឲ្យ​ច្រូត​ទៀត។ ច្រូត​បាន​ប៉ុន្មាន​ថ្ងៃ​ខ្ញុំ​មិន​ចាំ វា​ក៏​ដក​ខ្ញុំ​មក​ឲ្យ​ភ្ជួរ​ធ្វើ​ស្រែ​ប្រាំ​ទៀត​ប្រហែល​ជា​ខែ ១២ ឆ្នាំ ១៩៧៨។ ក្នុង​របប ប៉ុល ពត ចាប់​ចេញ​ពី​ភ្នំពេញ​ទៅដល់​ថ្ងៃ ១៨ មិថុនា ១៩៧៨ ទេវតា​ប្រទាន​កូន​ប្រុស​មួយ (ស៊ឹន សំណាង) ដែល​ពេល​នោះ​ទម្ងន់​នៃ​ការ​អត់ឃ្លាន​កំពុង​តែ​ខ្លាំង។ ណា​មួយ​អង្គការ​យក​ស្បៀង​ផ្គត់ផ្គង់​ទ័ព​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​វៀតណាម។ អីចឹង​ពេល​កូន​កើត​មក​ការ​ហូប​ចុក​រឹត​តែ​ពិបាក ម្ដាយ​ត្រូវ​ការ​ហូប​គ្រប់គ្រាន់ បាយ សម្ល ត្រី​សាច់ តែ​រក​មិន​បាន។ ពេល​នោះ​ខ្ញុំ​ត្រូវ​ប្រឹងប្រែង រក​ម្ហូប​អាហារ ឲ្យ​ប្រពន្ធ​កូន​ខ្ចី ដើម្បី​ឲ្យ​មាន​ទឹកដោះ​បំបៅ​កូន។ ខ្ញុំ​យក​មុង​ទៅ​អូស​ត្រី ក្ដាម​ខ្យង កូន​ក្អុក ក៏​យក​ដែរ ឲ្យ​តែ​ហូប​បាន។ កូន​ក្អុក​យក​មក​ឈ្លេច​ពោះ​យក​អាចម៍​ចេញ ហើយ​យក​ទៅ​បុក​កឿង​ស្លឹកគ្រៃ រមៀត ឆា​គ្រឿង​ឲ្យ​​ប្រពន្ធ​ហូប​ដើម្បី​រស់។ ចាប់​ពី​ខែ ១២ ១៩៧៨ មក​ខ្ញុំ​បាន​មក​ធ្វើ​ស្រែ​ក្នុង​ភូមិ​វិញ គឺ​បាន​នៅ​ជិត​ផ្ទះ​ងាយ​មើលកូន ប្រពន្ធ​កូន​ខ្ចី​ផង។ ចំណែក​ប្រពន្ធ​ខ្ញុំ​វិញ កូន​ខ្ចី​គេ​ឲ្យ​សម្រាក ២ ខែ​ទេ គឺ​ត្រូវ​ចុះ​ពលកម្ម​ទៀត ឯ​កូន​យក​ទៅ​ឲ្យ​ចាស់​ៗ​មើល​នៅ​ក្នុង​រោង​បាយ​សមូហភាព​គេ។ ពេល​ឈប់​សម្រាក​មួយ​ភ្លែត​ៗ គាត់​រត់​មក​បំបៅ​កូន​បាន​បន្តិច​ៗ​ដែរ។

 

សូមរងចាំអានភាគបញ្ចប់ នៅសប្តាហ៍ក្រោយ !


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: