ជីវិតខ្ញុំ (-ត-)

ជាតិ សាសនា ព្រះមហាក្សត្រ
MV GROUP

បណ្ណសារ

Can not read please click on picture to download font KhmerUnicodeDOWNLOAD

បង្កើតប្លុក



អ្នកកំពុងទស្សនា

អ្នកទស្សនា

  • 10,497 hits

          ថ្ងៃ ២១ មេសា ក៏​ដើរ​មក​ដល់​ព្រែក​ក្ដាម កំពង់ចម្លង​ពេល​នោះ​សាឡាង​តូច​ពេក ពួក​អាវ​ខ្មៅ​វា​យក​ទូក​ពីរ​ចង​ទន្ទឹម​គ្នា​ជញ្ជូន​ប្រជាជន​នៅ​ត្រើយ​ខាងកើត។ ដោយ​មនុស្ស​ច្រើន​មធ្យោបាយ​តិច ខ្ញុំ​ត្រូវ​រង់ចាំ​ដេក​ដើម្បី​បាន​ឆ្លង​ចំនួន ៣ យប់។ ថ្ងៃ​ទី ២៤ ខែ មេសា ឆ្នាំ ១៩៧៥ ខ្ញុំ​បាន​ឆ្លង​មក​ត្រើយ​ខាងកើត ពេល​នោះ​ពួក​អាវ​ខ្មៅ​វា​ឈប់​ឲ្យ​ដើរ គឺ​វា​ជញ្ជូន​តាម​ឡាន​ម្តង។ ពេល​នោះ​ខ្ញុំ​បាន​ជួប​សាស្ត្រាចារ្យ​ខ្ញុំ​ម្នាក់​នៅ​មហាវិទ្យាល័យ (គឺ​លោក ឱក សារិន) ខ្ញុំ និង​គាត់​ដើរ​មក​បើក​អង្ករ​ពី​អង្គការ​ដូចគ្នា។ គ្រូ​ខ្ញុំ​បាន​និយាយ​ថា “អ៊ាន អើយ យើង​ជួប​គ្នា​តែ​ថ្ងៃ​នេះ​ទេ​មើល​ទៅ ហើយ​យើង​គ្មាន​សង្ឃឹម​បាន​ចូល​ភ្នំពេញ​វិញ​ទេ គឺ​ការ​ស្លាប់​ខិត​នៅ​ពី​មុខ​យើង​ហើយ”។ បើក​អង្ករ​ហើយ ខ្ញុំ​ក៏​បែក​គ្នា​ជាមួយ​លោកគ្រូ​ខ្ញុំ ហើយ​សំដៅ​ទៅ​កន្លែង​សម្រាក​គ្រួសារ ដើម្បី​ប្រញាប់​ប្រញាល់​ដាំ​បាយ​ហូប​ខ្លាច​ក្រែងលោ​រថយន្ត​មក​ដឹក មិន​ទាន់​បាន​ហូប​បាយ។ រង់ចាំ ៤ យប់​ទៀត ថ្ងៃ ២៨ មេសា ម៉ោង ៣ រសៀល ខ្ញុំ និង​គ្រួសារ​បាន​ជិះ​រថយន្ត​ដោយ​គេ​យក​មក​ទុក​ត្រឹម​ផ្សារ​ស្គន់។ មនុស្ស​ដែល​ដឹក​មក​ចាក់ចោល​នៅ​ស្គន់​ច្រើន​ណាស់ មាន​លាយឡំ​គ្រប់​មន្ត្រីរាជការ ប្រជាជន។ យប់​នោះ​ម៉ោង ៩ យប់ គណតំបន់​គេ​ចុះ​មក ឲ្យ​អង្គការ​គេ​ស្រង់ ថា​តើ​បង​ប្អូន​ណា​ធ្វើការ​អី​ឲ្យ​រាយការណ៍​ពិតប្រាកដ ព្រោះ​អង្គការ​ត្រូវ​ការ​បងប្អូន​ឲ្យ​ចូល​ធ្វើការ​វិញ។ អង្គការ​ក៏​ប្រកាស ៖

  • បងប្អូនទាហាន ប៉ូលិស គយ គិញ មកនៅខាងត្បូងផ្សារ
  • សាស្ត្រាចារ្យ គ្រូបង្រៀន មន្ត្រីរាជការ មកខាងកើត
  • ប្រជាជន កសិករ មកខាងជើង

          យប់​នោះ ខ្ញុំ និង​គ្រួសារ​ដេក​មិន​លក់​ទេ ព្រោះ​ត្រូវ​រៀបចំឡើង ដើរ​គេច​ចេញ​ពី​ការ​បែងចែក​របស់​ពួក​វា។ ថ្ងៃ ២៩ មេសា ១៩៧៥ ម៉ោង ៣ ទៀប​ភ្លឺ ខ្ញុំ និង​គ្រួសារ​ក៏​ចេញ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៧ ពី​ស្គន់​ទៅ​ជើង។ ដើរ​រហូត​ដល់​ភ្លឺ ក៏​ទៅ​ដល់​វត្ត​មួយ​ឈ្មោះ វត្ត​ត្រពាំង​ស្លា ជិត​ដល់​បាខម​ក្នុង​ទឹកដី​កំពង់ធំ ហើយ​ក៏​មាន​ទាហាន​តូច​ៗ​របស់​ពួក​អាវ​ខ្មៅ​ចេញ​មក​ឃាត់​ដំណើរ ដោយ​គេ​ប្រើ​សំដី​ថា “បងប្អូន​ចូល​ស្នាក់​នៅ​កន្លែង​នេះ អង្គការ​ទុក​បងប្អូន​ត្រឹម​នេះ ព្រោះ​ជិត​ដល់​រដូវ​ធ្វើ​ស្រែ​ចម្ការ​ហើយ”។ ពេល​នោះ ខ្ញុំ និង​គ្រួសារ និង​មាន​បងប្អូន​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បង្ខំ​ចូល​មក​រស់​នៅ​ក្នុង​វត្ត​ត្រពាំង​ស្លា​នេះ​ទៅ។ បន្ទាប់​មក​គេ​ក៏​បែងចែក​តាម​ភូមិ​កសិករ ខ្ញុំ និង​គ្រួសារ​ត្រូវ​បាន​នៅ​ខាង​ត្បូង​វត្ត​នេះ​តែ​ម្ដង។ ការ​រស់​នៅ​កន្លែង​នោះ គឺ​អង្គការ​គ្មាន​អី​ចែក​សម្រាប់​ក្រពះ​ទេ គឺ​មាន​តែ​ដោះដូរ​ខោ អាវ សារុង ឬ​របស់​របប​ផ្សេង​ៗ​ជាមួយ​កសិករ​ចាស់ ទើប​បាន​ស្បៀង​ហូប។ ពេល​នោះ​អង្គការ​គេ​ប្រជុំ ហើយ​ជំរុញ​យើង​ឲ្យ​ទៅ​ជីក​ក្ដួច​នៅ​ភ្នំ​ជីលាចចារ ចម្ការ​លើ​យក​មក​ហូប ហើយ​បើ​មាន​សារុង​ថ្មី​ៗ ឬ​ស្រូវ​យក​ទៅ​ដូរ​ចេក​នៅ​ចម្ការ​លើ​យក​មក​ធ្វើ​ជា​អង្ករ (ហៅ​ថា​អង្ករ​ចេក) សម្រាប់​ហូប ដូច​ហូប​អង្ករ​ក្ដួច​ដែរ ។

          នា​ថ្ងៃ​ទី ២០ ខែ​ឧសភា ឆ្នាំ ១៩៧៥ វេលា​ម៉ោង ៦ ព្រឹក ស្នូរ​ជួង​ដែក​កង់​ឡាន​វាយ​ឮ​សូរ​យ៉ាង​ខ្លាំង ដែល​ជា​សញ្ញា​ឲ្យ​បងប្អូន​ថ្មី​ៗ​ទៅ​ប្រជុំ។ ពេល​នោះ ខ្ញុំ និង​ឪពុក​ខ្ញុំ បាន​ទៅ​ប្រជុំ ហើយ​អង្គការ​គេ​លើក​ឡើង​ថា ៖ អង្គការ​ខ្វះ​ខាត អង្គការ​គ្មាន​របប​បើក​ជូន​បងប្អូន​ពិសា​ទេ ដូចនេះ​សូម បងប្អូន ឳ​ម៉ែ​ដែល​មាន​ស្រុក​កំណើត​ទី​ណា​សូម​ទៅ​នៅ​ទីនោះ​ចុះ អង្គការ​ពេល​នេះ បើក​ទូលាយ​ដោយសារ​មិន​ទាន់​មាន​ភ្លៀង​ធ្លាក់​នៅឡើយ។

          រយៈពេល​ជិត​មួយ​ខែ​ដែល​រស់​នៅ​គ្មាន​ទី​ជម្រក គ្មាន​ការ​ហូបចុក​គ្រាប់​គ្រាន់ គ្មាន​ថ្នាំ​សង្កូវ កូន​ប្រុស​ស្រី​របស់​ខ្ញុំ​ទាំងពីរ​ក៏​ធ្លាក់​ខ្លួន​ឈឺ តែ​ដើម្បី​ចេញ​ផុត​ពី​ការ​អត់ឃ្លាន​គ្រួសារ​ខ្ញុំ ក៏​សម្រេច​ចិត្ត​ត្រឡប់​ក្រោយ មក​រក​ស្រុកកំណើត​វិញ។ ដើរ​បាន​មួយថ្ងៃ មួយ​យប់ ទើប​ដល់​ស្រុក​ស្គន់ ហើយ​ក៏​សម្រាក​នៅ​ទីនោះ​មួយ​យប់​ទៀត។ ដោយ​បាន​ប្ដេជ្ញា​ថា ត្រូវ​តែ​បក​ក្រោយ​នោះ គ្រួសារ​ខ្ញុំ​ក៏​ចេះ​តែ​ដើរ​មួយ​ថ្ងៃ​បាន ៧-៨ គ.ម. ឈប់​សម្រាក​មួយ​យប់ ៧-៨ គ.ម. ឈប់​សម្រាក​មួយ​យប់។ រហូត​ដល់​ព្រែក​ក្ដាម ហើយ​បាន​សម្រេច​ចិត្ត​ថា នឹង​នៅ​រស់​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​ជា​កន្លែង​សំបូរ​ត្រី និង​ស្រូវ។ ឆ្លងផុត​មក​ត្រើយ​ខាងលិច អង្គការ​គេ​មិន​ឲ្យ​ទៅ​ផ្លូវ​កំពង់ឆ្នាំង​ទេ គឺ​ឲ្យ​មក​ត្បូង​វិញ គឺ​ទិស​ចូល​ភ្នំពេញ។ គ្រួសារ​ខ្ញុំ​ក៏​ចេះ​តែ​ប្រឹង​ដើរ​ទាំង​ថ្ងៃ​ទាំង​យប់​រហូត​ដល់​វត្ត​គ្រួស ពេល​នោះ​កូន​ប្រុស​ដែល​មាន​អាយុ ៣ ឆ្នាំ​នោះ​ក៏​បាន​ស្លាប់​នៅ​ពេល​ខ្ញុំ​ពរ​ជាប់​នឹង​ដៃ ដោយសារ​ការ​អត់​ឃ្លាត និង​ឈឺ។ យប់​នោះ​ក៏​បាន​យក​កូន​ប្រុស​ដែល​ស្លាប់​កប់​ទុក​ក្នុង​វត្ត​គ្រួស​ទៅ។ លុះ​ព្រឹក​ឡើង​ក៏​ចាប់​ដើរ​មក​ដល់​ព្រែក​ព្នៅ អង្គការ​គេ​ចង្អុល​ឲ្យ​ទៅ​ទិស​ខាងលិច​វិញ គឺ​សំដៅ​ទៅ​បាសិទ្ធ។ ដល់​ភ្នំ​បាសិទ្ធ​ក៏​យប់​ល្មម ហើយ​សម្រាក​នៅ​កណ្ដាល​វាល ពេល​នោះ​ក៏​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ទៀត ក៏​ប្រឹង​រក​ធាង​ត្នោត​មក​គ្រប​បាំង​ការពារ​ភ្លៀង ជា​ពិសេស​ទៅ​ទៀត​ណា​បារម្ភ​ម្ដាយ​ឈឺ​តាម​ផ្លូវ ហើយ​កូន​ស្រី​សល់​មួយ​នោះ​ក៏​ឈឺ​កញ្ជ្រឹល​ទៀត។ ភ្លឺ​ឡើង​ក៏​ចាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​រហូត​មក​ដល់​វត្ត​ជម្ពូរវ័ន អង្គការ​គេ​ឲ្យ​ដើរ​វាង​ខាង​ក្រោយ​វត្ត​ទៅ​តាម​ផ្លូវជាតិ​លេខ ៣ វិញ លុះ​ដល់​យប់​ក៏​បាន​ដេក​នៅ​ស្រែ​ញរ​មួយ​យប់ ដេក​កំពង់​ទួល​មួយ​យប់ និង​ដេក​វត្ត​ថ្នល់​ទទឹង​មួយ​យប់។ លុះ​ព្រឹក​ឡើង​ចាប់​ដើរ​បាន​ប្រហែល​ជា ២ គ.ម. គឺ​ដល់​ភូមិ​ត្រពាំង​ក្រចាប់ ឃុំ​អង្គ​ពពែល ស្រុក​ភ្នំ​ស្រួច ក៏​ជួប​អង្គការ​អាយុ​ប្រហែល ១២-១៣ ឆ្នាំ ម្នាក់ ស្ពាយ​កាំភ្លើង​មក​ចង្អុល​ឲ្យ​ចូល​ភូមិ​នោះ ព្រោះ​គេ​ថា​ដល់​ពេល​បង្កបង្កើត​ផល​ហើយ អង្គការ​ឲ្យ​បងប្អូន​ឈប់​ធ្វើ​ដំណើរ គឺ​ចូល​ក្នុង​ភូមិ​នេះ​ទៅ។ រស់​នៅ​ក្នុង​ភូមិ​នេះ អង្គការ​គ្មាន​ស្បៀង​បើក​ទេ បើ​មាន គឺ​ស្រូវ​ភោជ្ជសាលី ក្នុង​មួយ​គ្រួសារ​ខ្ញុំ​មាន​មនុស្ស ៦ នាក់ (ឪពុក-ម្ដាយ​ខ្ញុំ​បី​នាក់​កូន និង​ក្មួយ​មួយ) គេ​ឲ្យ​ស្រូវ​ភោជ្ជសាលី ២ កំប៉ុង។ ស្រូវ​នេះ​គឺ​ដាំ​បាយ​មិន​រីក​បាន​ហូប​ទេ ព្រោះ​មិន​មែន​ជា​អង្ករ​សាឡី។ ការ​រស់​នៅ​តាម​ភូមិ រស់​បាន​ដោយសារ​ត្នោត​ទុំ ពេល​ត្នោត​ទុំ​ធ្លាក់ ឡើង​ដើរ​រើស​យក​មក​ដុត​ហូប ឬ​ដុះ​ធ្វើ​ជា​នំកូរ​ហូប។ ទឹក​ក៏​គ្មាន​ដែរ​គឺ​មាន​តែ​ត្រពាំង​ដែល​ជិត​រីង ខំ​ទៅ​សម្រេង​បាន​បន្តិចបន្តួច​ប៉ុណ្ណោះ។ ផ្កា​ដំបងយក្ស ដើម​ដំបងយក្ស ដើម​ជន្ទល់​ភ្នំ គឺ​ជា​ចំណី​ពិសេស ពេល​នោះ​គឺ​យក​ធ្វើ​អន្លក់ ស្ល​ម្ជូរ​ជាមួយ​ខ្យង ខ្ចៅ តូច​ៗ ដែល​ដើរ​រក​ជីក​បាន​តាម​ភ្លឺស្រែ។

          រស់​នៅ​បាន​ប្រហែល​ជា​កន្លះ​ខែ អង្គការ​បាន​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​រៀន​សូត្រ​លត់ដំ ១០ ថ្ងៃ គឺ​នៅ​ទំនប់​ភ្នំ​ស្រង់ ដែល​មាន​កម្ពស់​ជាង ១០ ម៉ែត្រ ជាមួយ​បងប្អូន​ប្រជាជន​ដែល​គេ​តម្រូវ​ឲ្យ​ទៅ។

          សម្លម្ជូរ​ស្លឹក​ថ្នឹង​រាល់ថ្ងៃ បបរ​រាវ​រាល់ថ្ងៃ បើ​សម្លម្ជូរ​វិញ​គឺ​មាន​តែ​ស្លឹក​ថ្នឹង​ទេ ហើយ​បន្តែត​ទឹក​ខ្លាញ់ និង​ដាក់​អំបិល​បន្តិច​ៗ​តែ​ប៉ុណ្ណោះ។

          ត្រូវ​លត់​ដំ​តាំង​ពី​ព្រលឹម​រហូត​ដល់​ថ្ងៃត្រង់ ហូប​បាយ​បបរ ហូប​រួច​ធ្វើ​រហូត​ដល់​ព្រលប់​ទើប​សម្រាក​ហូប​បាយ។ ទៅ​លត់​ដំ​បាន​តែ ៤ ថ្ងៃ រូប​ខ្ញុំ​មាន​ជំងឺ​ហើម​ពេញ​ខ្លួន​ប្រាណ​ទាំងអស់។ ក្រោក​មិន​រួច ដើរ​ក៏​មិន​រួច តែ​អង្គការ​គេ​មិន​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​ទេ គឺ​គេ​ប្រាប់​ថា គេ​ឲ្យ​លត់​ដំ ១០ ថ្ងៃ មិត្ត​ឯង​ត្រូវ​តែ​នៅ​ឲ្យ​គ្រប់ ទើប​មក​វិញ​ជាមួយ​គេ។ គម្រប់​ដប់​ថ្ងៃ ព្រឹក​ឡើង​មាន​កង​ផ្សេង​ទៅ​ផ្លាស់​ប្ដូរ ក្រុម​ខ្ញុំ​ត្រូវ​ត្រឡប់​មក​ភូមិ​វិញ អ្នក​គេ​មាន​កម្លាំង​គេ​ដើរ​បាន ដើរ​មក​ដល់​ផ្ទះ​ត្រឹម​ថ្ងៃត្រង់ ចំណែក​ខ្ញុំ​ល្ងាច​ព្រលប់​ទើប​មក​ដល់។ ឯ​គ្រួសារ​ខ្ញុំ​វិញ​ព្រួយ​បារម្ភ​ថា ខ្ញុំ​ប្រហែល​ជា​ស្លាប់​ហើយ លុះ​ព្រលប់​ខ្ញុំ​មក​ដល់​ឪពុក​ម្ដាយ ប្រពន្ធ​កូន​ខ្ញុំ​អរ​រហូត​យំ​គ្រប់គ្នា។

          ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ ១៩៧៥ ពេល​នោះ​អង្គការ​ត្រូវ​បញ្ជូន​ខ្ញុំ និង​បងប្អូន​ប្រជាជន​មួយ​ចំនួន​ចេញ​ទៅ​កន្លែង​ថ្មី គឺ​តានី​ទូក​មាស កំពង់ត្រាច ឈូក ពេល​នោះ​អង្គការ​គេ​ឲ្យ​មក​ដេក​ចាំ នៅ​ក្បែរ​ថ្នល់​ជាតិ​ដែល​មាន​ចម្ងាយ ១ គ.ម. ពី​ភូមិ​ប៉ុណ្ណោះ នៅ​ហាល​វាល ភ្លៀង​ផង គឺ​ដល់​ថ្ងៃ ១៧ កក្កដា ១៩៧៥ ទើប​បាន​ឡាន​ជិះ គេ​ដឹក​ចែក​រហូត​ដល់​ក្រុម​គ្រួសារ​ខ្ញុំ និង​បងប្អូន​មួយ​ចំនួន​ទៀត​បាន​ដាក់​ទៅ​កំពង់ត្រាច វេលា​ម៉ោង ៥ ល្ងាច។

          ពេល​ដល់​កំពង់ត្រាច​មាន​កងទ័ព​នៅ​ជិត​នោះ ខ្ញុំ និង​ឪពុក​ខ្ញុំ​ឃើញ​កងទ័ព​កំពុង​ហូបបាយ​ក៏​ទៅ​សំពះ​សុំ​គេ គេ​ក៏​ឲ្យ​ហូបបាយ មាន​សាច់​ជ្រូក​ស្ងោរ និង​ត្រី ពេល​នោះ​ខ្ញុំ និង​ឪពុក​ខ្ញុំ​ហូប​ឆ្អែត​ក៏​សុំ​គេ​ខ្លះ​ដើម្បី​ឲ្យ​ម្ដាយ ប្រពន្ធ និង​កូន​ខ្ញុំ​ហូប​ផង ពេល​នោះ​ខ្ញុំ​បាន​យក​សាច់​ស្ងោរ​ញាត់​ចូល​ហោប៉ៅ​អាវ​ផង ខោ​ផង អាវ​ដោះ​វេច​បាយ។

          ពេល​ម្ដាយ​ខ្ញុំ​កំពុង​ហូបបាយ​នោះ អង្គការ​គេ​តម្រូវ​ឲ្យ​ចេញ​ទៅ​ទាំង​យប់ គឺ​ដើរ​ទៅ​ខាងជើង​កំពង់ត្រាច​រហូត​ដល់​ភូមិ​ព្រាន់​ទុំ ឃុំ​ស្រែ​ជា ចម្ងាយ​ប្រហែល ៩-១០ គ.ម.។ ទៅ​ដល់​វត្ត​នោះ​ត្រូវ​ដេក​មួយ​យប់​ទៀត ភ្លឺ​ឡើង​អង្គការ​គេ​បែង​ចែក​ឲ្យ​ទៅ​តាម​ភូមិ ហើយ​គ្មាន​គិត​ថា អ្នក​ណា​បែក​ឪពុក ម្ដាយ កូន​ទេ គឺ​ស្រេច​តែ​អង្គការ​បែងចែក។

          ពុទ្ធោ​អើយ! ឪពុក​ម្ដាយ​ជាទី​ស្រលាញ់​ស្មើ​ជីវិត​ខ្ញុំ​ត្រូវ​វា​បំបែក​ឲ្យ​ទៅ​ភូមិ​ដោយ​ខ្លួន គឺ​នៅ​ភូមិ​សូភី ឯ​ខ្ញុំ និង​ប្រពន្ធ កូន​ស្រី​ខ្ញុំ នៅ​ភូមិ​ព្រាន់​ទុំ តែ​សំណាង​ដែរ​ដោយ​ការ​អង្វរករ​របស់​ខ្ញុំ ខ្ញុំ​សុំ​បាន​ឲ្យ​បងស្រី និង​គ្រួសារ​គាត់​នៅ​ជាមួយ​ឪពុក​ម្ដាយ​នៅ​ភូមិ​សូភី​ដែរ។ ខ្ញុំ​មាន​ការ​ធូរ​ចិត្ត​ខ្លះ​ព្រោះ​បាន​បង​ស្រី​ទី ៤ បាន​រស់​នៅ​ជាមួយ​ឪពុក​ម្ដាយ​ខ្ញុំ។ ទម្រាំ​បាន​ជួប​មុខ​ឪពុក​ម្ដាយ​គឺ​បី​ខែ​ទើប​សុំ​គេ​បាន​ទៅ​ជួប ហើយ​ចម្ងាយ​ពី​ភូមិ​ខ្ញុំ​ទៅ​ភូមិ​ម្ដាយ​ខ្ញុំ​ប្រហែល ២ គ.ម. សោះ គឺ​គេ​មិន​ឲ្យ​ទៅ​ដាច់​ខាត​លុះ​ត្រា​តែ​មាន​ការ​អនុញ្ញាត​ទើប​ទៅ​បាន។

          ម្ដាយ​ឪពុក​ខ្ញុំ​យំ​យ៉ាង​ខ្លាំង​ក្រោយ​ពី​បាន​ឃើញ​រូប​ខ្ញុំ ព្រោះ​គាត់​ធ្លាប់​ឃើញ​កូន​មាន​សាច់​មាន​ឈាម​ទ្រលុក​ទ្រលន់ ឥឡូវ​ស្គម​ស្បែក​ឆ្អឹង​ជាប់គ្នា។ ខ្ញុំ​ភ្លេច​ជម្រាប​ថា ពេល​ដែល​រស់​នៅ​ក្នុង​ភូមិ​នោះ ខ្ញុំ​ត្រូវ​ធ្វើការ​ដូច​បងប្អូន​គ្រប់រូប​រហូត​ដល់​ធ្លាក់​ខ្លួន​ឈឺ គឺ​គ្រុនចាញ់។ ដេក​នៅ​ផ្ទះ ប្រពន្ធ អង្គការ​ឲ្យ​ធ្វើការ គឺ​គ្មាន​ឲ្យ​នៅ​ថែរក្សា​គ្នា​ទេ គេ​ថា​អង្គការ​ជា​អ្នក​មើល​ហើយ។ របប​ហូប​អ្នក​ធ្វើការ (ឆ្នាំ ៧៥) គេ​ឲ្យ ៤ កំប៉ុង​ស្រូវ ខ្ញុំ​គេ​ឲ្យ ២ កំប៉ុង ព្រោះ​មិន​ចេញ​ពលកម្ម កូនក្មេង កូន​ស្រី​ខ្ញុំ (កុមារ) គេ​ឲ្យ ២ កំប៉ុង​ស្រូវ​ដែរ។ ឈឺ​ផង នៅ​ផ្ទះ​ត្រូវ​ធ្វើ​ម៉េច បុក​អង្ករ​ទុក​ដាំ​បាយ​ឲ្យ​ប្រពន្ធ​កូន​ហូប​ផង។ ពេល​ទៅ​ដង​ទឹក ចុះ​ជណ្ដើរ​ជាង ១០ កាំ​ទើប​ដង​បាន។ ដូច​នេះ​ត្រូវ​ការ​ឈើ​ច្រត់​ជួយ​ម្ខាង​ទើប​ចុះ​កើត។ ឈឺ​ពី​ខែ ៩ ដល់​ខែ ១១ ទើប​ជា។ ពេល​នោះ​អង្គការ​ឲ្យ​ទៅ​អង្គុយ​ដេរ​ស្លឹក (គឺ យក​ស្លឹក​ដូង​ដេរ​ជា​កណ្ដប​សម្រាប់​ទុក​ប្រក់​រោង ប្រក់ផ្ទះ។ ដេរ​បាន​កន្លះ​ខែ គេ​ឲ្យ​ទៅ​មើល​ក្របី​មួយ​ហ្វូង តែ​គេ​ឲ្យ​មាន​កុមារ ៤ នាក់​ជួយ​ដែរ។ ខ្ញុំ​ខ្លាច​ក្របី​ណាស់ តែ​ដល់​គេ​តម្រូវ​ត្រូវ​តែ​មើល​ថែ បើ​បាត់ ឬ​យ៉ាង​ម៉េច​ខ្ញុំ​ក៏​ត្រូវ​គេ​វាយចោល​ដែរ។

          កន្លះ​ខែ​ក្រោយ​មក​ទៀត​គេ​ឃើញ​ថា ជំងឺ​យើង​បាន​ធូរ​ច្រើន​ហើយ គេ​ប្ដូរ​ការងារ គឺ​ឲ្យ​ទៅ​ចម្ការ​វិញ ណា​សុខភាព​មិនទាន់​ស្រួល ពេល​ដើរ​ឆ្លង​ភ្លឺ​ស្រែ​ណា​ខ្ពស់​ៗ គឺ​ទាល់​តែ​វៀរ ឬ​យក​ដៃ​ទប់​ក្បាល​ជង្គង់​ទើប​ឆ្លង​រួច។ ថ្ងៃ​ដំបូង​ដែល​គេ​ឲ្យ​ទៅ​ចម្ការ​នោះ យប់​នោះ​ភ្លៀង​ទល់​ភ្លឺ ទឹក​ហូរ​កាត់​អូរ​ប្រឡាយ​ខ្មួល​ខ្មាញ់។ ព្រលឹម​ស្រាង​ៗ​គេ​ទៅ គឺ​ដើរ​ដង្ហែ​គ្នា ដោយ​កង​ឈ្លប​ដើរ​ពី​ក្រោយ​មាន​ស្ពាយ​កាំភ្លើង​ផង។ គេ​ការពារ​ខ្លាច​បងប្អូន​រត់ បើជា វា​មិន​អី​ទេ តែ​ខ្ញុំ​នៅ​ឈឺ​នៅ​ឡើយ ដើរ​ដល់​អូរ​មួយ ទឹក​ហូរ​ខ្លាំង​សូម​បី​អ្នក​មិន​ឈឺ​ក៏​ពិបាក​ឆ្លង​ដែរ។ ដល់​ពេល​ខ្ញុំ​ឆ្លង ទឹក​បាន​ហូរ​នឹង​អូស​ខ្ញុំ​ទៅ​ក្រោម​ប្រហែល ៤-៥ ម៉ែត្រ ពួក​ឈ្លប​វា​មិន​ជួយ​ទេ​គេ​នាំ​គ្នា​សើច​ទៅ​វិញ។ ចៃដន្យ​អី​ខ្ញុំ​បាន​តោង​កូន​ឈើ​ដែល​ដុះ​ក្បែរ​នោះ​ជាប់ ហើយ​ប្រឹង​វា​ឡើង​ច្រាំង​បាន ហើយ​ទើប​ធ្វើ​ដំណើរ​រហូត​ដល់​ចម្ការ។ ដល់​ចម្ការ​ភ្លាម ដោយ​ការ​អស់​កម្លាំង​ផង ដោយ​ឈឺ​ផង ពេល​នោះ​ខ្ញុំ​ដួល​សន្លប់​បាត់​ស្មារតី បងប្អូន​ទាំង​នោះ​ជួយ​រឹត ច្របាច់​ទើប​ដឹង​ខ្លួន ហើយ​ឈ្លប​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​មក​ភូមិ​វិញ។

          ក្រោយ​មក​ខ្ញុំ​ក៏​បាន​ជា​ឡើង​វិញ គឺ​ដល់​ពេល​ខែ ២-៣-៤ រដូវ​ប្រាំង ពួក​វា​ចាប់​ផ្ដើម​បើក​ការដ្ឋាន​លើក​ទំនប់ ជីក​ប្រឡាយ ធ្វើ​ប្រព័ន្ធ​ភ្លឺ​ស្រែ ពង្រាប​ដី​ស្រែ ខ្ញុំ​ត្រូវ​នៅ​ខាង​ធ្វើ​ទំនប់។ គេ​ចែក​តាម​ក្រុម មួយ​ក្រុម​ប៉ុន្មាន​ម៉ែត្រ គ្នា​ប៉ុន្មាន​នាក់ ដើម្បី​ធ្វើ​ការ​ប្រលង​ប្រណាំង​គ្នា។ ធ្វើ​ទំនប់​ហើយ​ត្រូវ​ដល់​ខែ​វស្សា​ចុះ​មក រក​កន្ទ្រាំង​ខែត​បាច​ស្រែ​ទៀត។

          រដូវ​ធ្វើ​ស្រែ​ឆ្នាំ ១៩៧៦ មក​ដល់ ខ្ញុំ​មាន​ភារកិច្ច​នាំ​ក្មេង​ៗ​ដើរ​កាត់​កន្ទ្រាំង​ខែត ដើម្បី​បាច​ស្រែ​សន្ទូង។ បាច​បាន​មួយ​រយៈ គេ​ក៏​ដក​ឲ្យ​មក​រែក​សំណាប​ម្ដង។ ព្រឹក​មួយ​នោះ​ប្រពន្ធ​ខ្ញុំ​គេ​ដក​សំណាប ខ្ញុំ​មាន​ភារកិច្ច​រែក​សំណាប។ កំពុង​តែ​រៀប​សំណាប​ដាក់​ចូល​សង្រែក ស្រាប់​តែ​មេកង​គេ​មក​ស្រែក រួច​ចង្អុល​មក​ខ្ញុំ និង​ម្នាក់​ទៀត​រែក​សំណាប​ជាមួយ​ខ្ញុំ​ដែរ​ថា  ពូ​អ៊ាន-ពូ​លី អង្គការ​ហៅ  ពេល​នោះ​ស្មារតី​ទាំង​ប៉ុន្មាន​ស្រុត​អស់​ហើយ ព្រោះ​ភាសា​ហៅ​ថា ទៅ​កាប់​ឈើ ទៅ​កាប់​ឫស្សី អង្គការ​ហៅ គឺ​ភាសា​ដែល​គេ​យក​មនុស្ស​ទៅ​សម្លាប់ និយាយ​ថា បើ​ប្រើ​ភាសា​នោះ​ហើយ គឺ​ទៅ​បាត់​រហូត​ហើយ។ ប្រពន្ធ​ខ្ញុំ និង​ប្រពន្ធ​ម្នាក់​ទៀត និង​បងប្អូន​មួយ​ចំនួន​នៅ​ក្នុង​ស្រែ​សំណាប អោន​គ្មាន​នរណា​ហ៊ាន​ឈរ​មើល​ទៀត គឺ​បើ​មើល​ក៏​អោន​មើល​ពី​ចំហៀង​ដែរ ពេល​គេ​បណ្ដើរ​ខ្ញុំ និង​មិត្តភ័ក្ដិ​ចេញទៅ ។

          ពេល​នោះ​មេ​កង​ក៏​យក​ខ្ញុំ និង​មិត្តភ័ក្ដិ​ខ្ញុំ ប្រគល់​រណ្ដៅ​មួយ​មាន​ទទឹង ២ ម៉ែត្រ បណ្ដោយ ៣ ម៉ែត្រ ក្នុង​នោះ​សុទ្ធ​តែ​លាមក​មនុស្ស លាមក​គោក្របី ជី​ភ្នំ ជី​ដំបូក ដែល​គេ​ចាក់​លាយ​គ្នា ហើយ​គេ​បញ្ជា​ឲ្យ​ខ្ញុំ​ច្របាច់​លាមក និង​ជី​នោះ ទៅ​បញ្ចូល​គ្នា​ដែល​មាន​សុទ្ធ​តែ​ដង្កូវ​ពេញ​រណ្ដៅ​នោះ ហើយ​ឲ្យ​ខ្ញុំ និង​មិត្តភ័ក្ដិ​ជ្រលក់​សំណាប ៥ ស្លឹក​ឲ្យ​ហើយ។ ពេល​ច្របាច់​លាមក​ចូលគ្នា​សព្វ​ហើយ ខ្ញុំ​ក៏​យក​សំណាប​ដែល​គេ​រែក​មក​ដាក់​ជិត​រណ្ដៅ​នោះ​ជ្រលក់ ដោយ​អង្គុយ​ប្របេះ​ជ្រុង​រណ្ដៅ ជើង​ទាំង​ពីរ​ត្រាំ​ក្នុង​រណ្ដៅ​លាមក​នោះ ដង្កូវ​ដែល​ជា​សត្វ​រស់​វា​ឡើង​តាម​ក្បាល​ជង្គង់​មក​ភ្លៅ​ឡើង​មក​ជើង​ខោ ពេល​នោះ​យើង​ជ្រលក់​បណ្ដើរ​បោស​ដង្កូវ​បណ្ដើរ។ ថ្ងៃ​ត្រង់​គេ​ក៏​យក​បាយ​ឲ្យ​ហូប​ក្បែរ​រណ្ដៅ​នោះ​ទៀត។ ហេតុ​តែ​ឃ្លាន ដៃ​ធំ​ក្លិន​លាមក​យ៉ាងណា​ក៏​ត្រូវ​តែ​ហូបបាយ​ដែរ​ព្រោះ​ដើម្បី​រស់។ ម៉ោង ៥ ល្ងាច យើង​ទាំង​ពីរ​ជ្រលក់​ហើយ​ល្មម ព្រលប់​ខ្ញុំ​មក​ដល់​ផ្ទះ​វិញ ប្រពន្ធ​កូន​ខ្ញុំ​អរ​ពេក ឃើញ​ខ្ញុំ​ត្រឡប់​មក​វិញ​មិន​ស្លាប់​ក៏​នាំ​គ្នា​យំ តែ​មិន​ហ៊ាន​ឲ្យ​ឮ​ទេ។ ខ្ញុំ​ក៏​គ្មាន​ហ៊ាន​និយាយ​អ្វី​ដែល​គេ​ឲ្យ​ធ្វើ​នោះ មិន​ហ៊ាន​ប្រាប់​ប្រពន្ធ​កូន​ឡើយ គ្រាន់​តែ​និយាយ​ថា ខ្ញុំ​មិន​អី​ទេ។

          ខែ​ដក​ស្ទូង​ចប់​ក៏​ត្រូវ​ឲ្យ​ទៅ​ធ្វើ​ចម្ការ​ទៀត គឺ​ចម្ការ​ខ្នាច​ព្រៃ ដែល​មាន​ចម្ងាយ​ប្រហែល ៦-៧ គ.ម. ពី​ភូមិ។ គឺ​ត្រូវ​ឡើង​ដើរ​តាំង​ពី​មាន់​រងាវ​រហូត​ដល់​ចម្ការ​ភ្លឺ​ស្រាង​ៗ ដើម្បី​ចាប់​ផ្ដើម​កាប់​គាស់​ដី លើង​គល់ ឫស​ក្នុង​ដី កន្លែងណា​ដែល​មាន​ដើមឈើ​ធំ ហើយ​មាន​ឫស ត្រូវ​លើង​ឲ្យ​អស់។ មាន​ពេល​មួយ​នោះ ពូ​ម្នាក់​គាត់​រលីង​ទៅ​មុខ​ហួស តែ​ពួក​វា​តាម​ដាន​មើល​ពី​ក្រោយ ស្រាប់​តែ​នៅ​ឫស​លើង​មិន​អស់ វា​ក៏​ឲ្យ​ពូ​នោះ​លើង​ឲ្យ​បាន រួច​យក​ឫស​លើង​នោះ​វាយ​គាត់​ទាល់​តែ​ស្លាប់ ដោយ​ចោទ​ថា ចង់​បំផ្លាញ​របស់របរ​សមូហភាព។ គឺ​វា​ថា​ដល់​ពេល​ភ្ជួរ​ទៅ​បាក់​ផ្នៀង​នង្គ័ល​បាក់​ធ្មេញ​រនាស់ ដែល​ជា​របស់​សមូហភាព។ ទៅ​កាប់​គាស់​ដី​ចម្ការ​ពី​ព្រលឹម​រហូត​ថ្ងៃ​ត្រង់​ទើប​គេ​ឲ្យ​ ឈប់​សម្រាក​ដាំ​បាយ​ហូប ។ ផ្តិល​ទឹក ឬ​កំសៀវ​ទឹក​ជា​ឆ្នាំង​ដាំ​បាយ ចង្ក្រាន​បើ​មាន​ដុំ​ថ្ម គឺ​យក​ដុំ​ថ្ម​រៀប ៣ ជ្រុង បើ​គ្មាន​ដាក់​ឈើ​ទទឹង​ពី​លើ​ចង​ព្យួរ ឆ្នាំង​ចំ​កណ្ដាល​រួច​ដុត​ភ្លើង​ដាំ​ទៅ។ បន្លែ​ដែល​ឆ្ងាញ់ គឺ​ផ្សិត ស្លឹក​ដំឡូងជ្វា ស្ពៃ​ទឹក ត្រួយ​សាវម៉ាវ​ព្រៃ ស្លឹក​ល្ងៀង… ម្ហូប​ដែល​ឆ្ងាញ់ គឺ​កូន​ក្អាត់ កូន​កង្កែប កញ្ចាញ់ចេក ដង្កូវ​ដួង​ក្នុង​ឈើ​ពុក ហ៊ីង។ ម្ដង​ម្កាល​បាន​ទៅ​រក​ត្រី​បាន​ហូប​ដែរ។

 

សូមរងចាំអាន នៅសប្តាហ៍ក្រោយ !


6 មតិ

  1. Sophear និយាយថា ៖

    Cool! It can be a great novel.

  2. សុភា និយាយថា ៖

    អាន​ហើយ​ព្រឺ​ក្បាល​

    • Mach Morn និយាយថា ៖

      សុភា! ហេតុអីបានព្រឺក្បាល ?

      • សុភា និយាយថា ៖

        ព្រោះ​ខ្ញុំ​អាច​ស្រមៃ​សកម្ម​ភាព​ដែល​រៀប​រាប់​ណឹង​ណា។ ធ្លាប់​លឺ​មែ​ប៉ា​ខ្ញុំ​ប្រាប់​ដែរ តែ​អត់​ដល់​ថ្នាក់​នឹង​ទេ

      • Mach Morn និយាយថា ៖

        ម្តាយខ្ញុំគាត់និយាយប្រាប់ក៏មិនដល់ថ្នាក់ហ្នឹងដែរ ព្រោះគាត់ជាអ្នកស្រុកស្រែ ហើយគេជម្លៀសគាត់ ពីភូមិមួយទៅភូមិមួយទៀតនៅក្បែរគ្នានោះឯង ហើយគេចាត់ទុកជាប្រជាជនចាស់។ គេឲ្យម្តាយខ្ញុំជាធ្វើចុងភៅនៅរោងបាយ ចំណែកឳពុកខ្ញុំគាត់ចេះធ្វើម៉ាស៊ីន ចឹងហើយគេឲ្យគាត់ប្រចាំការនៅ រោងជាងក្បែរម្តាយខ្ញុំដែរ ដូចនេះសម័យនោះពួកគាត់មិនសូវជាលំបាកណាស់ណាទេ។ តែសម្រាប់ជីវិតអ្នកទីក្រុងខ្ញុំអត់ដឹងទេ ចឹងហើយពេលខ្ញុំអាន ប្រវត្តិគាត់ (ស៊ឹន អ៊ាន) ឃើញពីជីវិតរបស់អ្នកទីក្រុងដែលត្រូវគេជម្លៀស ទើបខ្ញុំសូមការអនុញ្ញាតិពីគាត់យកមកផ្សាយនៅប្លុករបស់ខ្ញុំទៅ។😆😆😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: