ជីវិតខ្ញុំ (ត)

ជាតិ សាសនា ព្រះមហាក្សត្រ
MV GROUP

បណ្ណសារ

Can not read please click on picture to download font KhmerUnicodeDOWNLOAD

បង្កើតប្លុក



អ្នកកំពុងទស្សនា

អ្នកទស្សនា

  • 10,497 hits

          ឆ្នាំ ១៩៦២ ឪពុក​ខ្ញុំ​ត្រូវ​ចូល​និវត្តន៍ ម្ដាយ​ខ្ញុំ​នៅ​លក់​បាន​ខ្លះ​ៗ អីចឹង​ភារកិច្ច​ពួក​ខ្ញុំ​រឹត​តែ​ខំ​ប្រឹង​បន្ថែម​ទៀត គឺ​ពេល​វ៉ាកង (វិស្សមកាល) ត្រូវ​ប្រឹង​ធ្វើការ​រកលុយ​សម្រាប់​ចូលរៀន​វិញ។ បន្ទាប់​ពី​ចូល​និវត្តន៍ ឪពុក​ខ្ញុំ​បាន​សុំ​សាលារៀន​ជិត​ផ្ទះ​ចូល​លក់ដូរ​បន្តិច​បន្តួច​ដើម្បី​ចិញ្ចឹម​កូន គឺ​លក់​ទឹកកក​ឈូស នំនែក​ខ្លះ​ៗ ក្នុង​មួយ​ថ្ងៃ​ចំណេញ​បាន ៣០-៤០ រៀល។ ដោយ​ប្រឹងប្រែង​ឈរ​លក់ ឪពុក​ខ្ញុំ​ត្រូវ​ខ្យល់គរ​ដួល​នៅ​នឹង​កន្លែង​ក្នុង​សាលា។ ពួក​ខ្ញុំ​ភ័យ​ខ្លាំង​ណាស់ បាន​ស្រែក​ឲ្យ​គេ​ជួយ ទើប​ឪពុក​ខ្ញុំ​ចាក​ផុត​ពី​សេចក្ដី​ស្លាប់​ពេល​នោះ។ អាយុ​ខ្ញុំ​ពេញវ័យ​ហើយ ឆ្នាំ ១៩៦៤-៦៥ ពេល​វ៉ាកង ខ្ញុំ​បាន​មក​ធ្វើ​កម្មករ​សាងសង់ បូរីកីឡា គឺ​មួយ​ថ្ងៃ​បាន ២៥ រៀល មួយ​អាទិត្យ​បើក​ម្ដង មួយ​ថ្ងៃ​ហូប​បាយ​មួយ​ពេល​អស់ ២-៣ រៀល។ ខ្ញុំ​ភ្លេច​លើក​យក​ទឹក​ចិត្ត​បងប្អូន​ប្រុស​របស់​ខ្ញុំ​បី​នាក់​មក​និយាយ លើកលែង​តែ​ប្អូនពៅ​មួយ​នៅ​ក្មេង​ជាង​គេ​ចេញ។ ក្រោយ​ពេល​ឪពុក​ចូលនិវត្តន៍ និង​ក្រោយ​ពេល​ដែល​ពួក​ខ្ញុំ​ប្រលង​រួច​ហើយ ប្អូន​បន្ទាប់​ថ្នាក់​ទី ៤ នៅ​រៀន​ពេល​នោះ​ខ្ញុំ​ទាំង​បី​បាន​សម្រេច​ឯកភាព​គ្នា ដោយ​មាន​ការ​យល់ព្រម​ពី​ឪពុក​ចាស់ ម្ដាយ​ជរា គឺ​សម្រេច​ប្រលង​ចូល​សាលា​ជំនាញ​ទាំងអស់​គ្នា។ អ្នកណា​ប្រលង​ធ្លាក់ គឺ​ឈប់​រៀន ដើម្បី​ធ្វើការ​ចិញ្ចឹម​ឪពុក​ម្ដាយ។ ដល់​ពេល​សម្រេច ក៏​ទៅ​ប្រលង​ទាំង​បី​នាក់ ដោយ​យក​សាលា​ខុស​ៗ​គ្នា​ទាំងអស់ បងប្រុស​ប្រលង​សាកលវិទ្យាល័យ ប្រជារាស្ត្រ ខ្ញុំ​ប្រលង​ចូល​មហាវិទ្យាល័យ​ពាណិជ្ជកម្ម ប្អូន​ប្រុស​ប្រលង​ចូល​សាលា​កសិកម្ម​ព្រែក​លាប។ ពេល​នោះ​បងប្រុស​ខ្ញុំ និងខ្ញុំ​ប្រលង​ជាប់ រី​ឯ​ប្អូន​ប្រុស​ប្រលង​ធ្លាក់ គឺ​ត្រូវ​ឈប់​រៀន ហើយ​ធ្វើ​កម្មករ​រោងចក្រ​ទឹកក្រូច Pepsi Cola មួយ​ខែ​បាន ១,៥០០ រៀល។ ចំណែក​បង​ប្រុស​ខ្ញុំ និង​ខ្ញុំ​ចូលរៀន​ត្រូវ​រដ្ឋ​ឧបត្ថម្ភ​អាហារូបករណ៍​ប្រចាំខែ ដែល​ធ្វើ​ឲ្យ​ជីវភាព​ក្នុង​គ្រួសារ​មិន​ជា​ពិបាក​ណាស់ណា​ទេ។ គឺ​ខ្ញុំ​អាច​ចាយ​វាយ ទិញ​សៀវភៅ ទិញ​សំលៀកបំពាក់ និង​សល់​ប្រាក់​ខ្លះ​សម្រាប់​ឪពុក​ម្ដាយ​នៅផ្ទះ។ ខ្ញុំ​បាន​រៀបការ​ប្រពន្ធ​នៅ​ថ្ងៃ​ទី ០៥ វិច្ឆិកា ១៩៦៨ ប្រពន្ធ​ខ្ញុំ​ឈ្មោះ ឌុក សាភូ ក្រោយ​រៀបការ​នៅ​ថ្ងៃ ២៦ កញ្ញា ១៩៦៩ ចំណង​ដៃ​ទី ១ គឺ​កូនស្រី​ម្នាក់​មាន​ឈ្មោះ ស៊ឹន សោភ័ណ

          ថ្ងៃ ១៨ មីនា ១៩៧០ ពេល​នោះ​ខ្ញុំ​កំពុង​ធ្វើការ​ក្នុង​ក្រុមហ៊ុន SONATEX វេលា​ម៉ោង ១ រសៀល ស្រាប់​តែ​វិទ្យុ​ផ្សាយ​ថា សម្ដេច​សីហនុ​ត្រូវ​បាន​ទម្លាក់​ចេញពី​អំណាច។ ពេល​នោះ​ ខ្ញុំ​ក៏​ដូច​ជា​បុគ្គលិក​ធ្វើការ មាន​ការ​ភាំង​ស្មារតី​គ្រប់គ្នា​ដោយ​មិន​នឹក​ស្មាន​ជា​មាន​រឿង​អីចឹង​កើត​ឡើង ។

          ក្រោយ​ថ្ងៃ ១៨ មីនា ១៩៧០ ប្រជាជន​មាន​ភាព​ជ្រួលច្របល់ តាម​ជនបទ ស្រុក​ស្រែ​ចម្ការ និង​ទីក្រុង​ធំ​ៗ។ ថ្ងៃ ២៣ មិនា ១៩៧០ រូប​ខ្ញុំ​និង​នាយក​ក្រុមហ៊ុន​ត្រូវ​ទៅ​ធ្វើ​បេសកកម្ម​នៅ​រោងចក្រ​តម្បាញ​កំពង់ចាម (សាខា​ក្រុមហ៊ុន SONATEX)។ ថ្ងៃ ២៤ មីនា នេះដែរ ដោយ​នៅ​មុខ​រោងចក្រ និង​ក្នុង​ខេត្ត​មាន​ភាព​មិន​ប្រក្រតី ម៉ោង​ប្រហែល ៩ ព្រឹក ខ្ញុំ និង​នាយក​ក៏​សម្រេច​ត្រឡប់​មក​ភ្នំពេញ​វិញ​ជា​បន្ទាន់ ដោយ​ជិះ​រថយន្ត ID ដឺសឺវូ បារាំង។ នៅ​តាម​ផ្លូវ ខ្ញុំ​ឃើញ​ប្រជាកសិករ​មាន​កាន់​កាំបិត ដំបង ឈរ​តាម​ផ្លូវ​ជាតិ​ជា​ហូរហែ​ដល់​ជិត​ភ្នំពេញ។ ពេល​ដល់​ភ្នំពេញ នៅ​ឯ​ខាង​កំពង់ចាម​វិញ ឮ​គេ​ថា​ពួក​បាតុករ ចាប់​តំណាងរាស្ត្រ​សម្លាប់​អស់​ប៉ុន្មាន​នាក់​ហើយ ឥឡូវ​កំពុង​ដង្ហែក្បួន​មក​ភ្នំពេញ​ទៀត ដើម្បី​តវ៉ា​រឿង​ទម្លាក់​សម្ដេចឪ​ចេញ​ពី​អំណាច។

          ចាប់​ពី​ពេល​នោះ​មក គេ​ឮ​សូរ​សំឡេង​ក្ដុងក្ដាំង​ខ្លះ​ៗ ហើយ​តាម​បណ្ដា​ភូមិ​ស្រុក​មួយ​ចំនួន ពួក លន់ ណុល ដែល​មាន​កម្លាំង​សហរដ្ឋអាមេរិក​ជា​បង្អែក ក៏​បាន​ធ្វើការ​ប្រយុទ្ធ​ជាមួយ​ពួក រណសិរ្សរំដោះ​ដែល​ស្និទ្ធ និង​គាំទ្រ​សម្ដេចឪ។ ការ​ចាប់​យុវជន​ធ្វើ​កំណែន​ទ័ព ក៏​មាន​ភាព​ជ្រួល​ច្របល់ តម្លៃ​ទំនិញ​សព្វសរពើ​ក៏​ឡើង​ថ្លៃ ធ្វើ​ឲ្យ​ប្រជាជន​គ្មាន​ភាព​កក់​ក្ដៅ​ឡើយ។ ឆ្នាំ ១៩៧៤-៧៥ គ្រាប់ប្លោង​ធ្លាក់​ជុំវិញ​ទីក្រុង ជាពិសេស​ផ្ទះ​ខ្ញុំ​ដែល​នៅ​ខាងជើង​សាលា​ដែក​នោះ ក៏​ត្រូវ​រង​គ្រាប់ប្លោង​ដូចគ្នា គ្មាន​លោះ​ថ្ងៃ​ណា​ទេ។ ដោយ​ម្ខាង​ទៀត​តម្រង់​រក​កន្លែង​ស្តុក​ប្រេង​ឫស្សីកែវ ដែល​ធំ​ជាងគេ ដើម្បី​ឲ្យ​វា​ឆេះ។ ភ្នំពេញ​កាន់​តែ​រួម​ទៅ​ៗ រហូត​ដល់​ថ្ងៃ ១៦ មេសា ១៩៧៥ ប៉ែក​ខាងជើង ម៉ោង​ប្រហែលជា ៣ រសៀល ពួក​ម្ខាង​ទៀត​ចូល​ដល់​គីឡូម៉ែត្រ​លេខ ៦ រោងចក្រ SKD ពេល​នោះ ដោយ​ភ័យ​ខ្លាច​គេ​ចាប់​ខ្ញុំ ឪពុក​ម្ដាយ​ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ សម្រេច​ឲ្យ​ខ្ញុំ​រត់​មក​ដេក​នៅ​ស្នាក់​ការ​អគ្គិសនី​កម្ពុជា EDC ខាង​មុខ​វត្តភ្នំ​វិញ។ ពេល​ខ្ញុំ​ចេញដំណើរ​ពី​ផ្ទះ​សំដៅ​មក​វត្តភ្នំ សម្លេង​កាំភ្លើង​ពី​ទិស​ខាងជើង វា​ចេះ​តែ​ខិត​ចូល​មក​បន្តិច​ម្ដង​ៗ ឯ​ប្រជាជន​ក៏​ជ្រួល​ច្របល់ ខ្លះ​រត់​ចេញ ខ្លះ​រត់​ចូល​មក​ភ្នំពេញ។ ពេល​មកដល់​កន្លែង​ធ្វើការ​មិត្ត​រួម​ការងារ​ជាច្រើន ក៏​គេ​រត់​មក​កន្លែង​ធ្វើការ​ដែរ ដោយ​ខ្លះ​នាំ​ប្រពន្ធ​កូន​មក​ជាមួយ ដោយ​ឡែក​តែ​ខ្ញុំ​មក​តែ​ឯង ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ព្រួយ ឪពុកម្ដាយ កូន ប្រពន្ធ នៅ​ឯ គ.ម. ៥ (នៅផ្ទះ) មិន​ដឹង​ជា​យ៉ាងម៉េច។ យប់​នោះ​មាន​ភាព​ជ្រួល​ច្របល់​ខ្លាំង​ពេញ​ទីក្រុង ខ្ញុំ និង​មិត្តភ័ក្ដិ​គ្មាន​នរណា​មួយ​ដេក​លក់​ទេ បន់​ឲ្យ​តែ​ភ្លឺ ដើម្បី​រត់​មក​ផ្ទះ​សួរ​ដំណឹង​អ្នកផ្ទះ។ ព្រលឹម​ស្រាង​ៗ ប្រជាជន​ណែន​ណាន់​តាន់​តាប់ មក​ពី​គ្រប់​ទិសទី​ពេញ​វត្តភ្នំ ពេល​នោះ​ម៉ោង​ប្រហែល ៧ ព្រឹក គ្រាប់ប្លោង​ធ្លាក់ ១ គ្រាប់​ចំ​សួន​កម្សាន្ត​ក្មេង​វត្តភ្នំ ធ្វើ​ឲ្យ​អ្នក​រត់​មក​ទាំង​នោះ​ស្លាប់ និង​របួស​យ៉ាង​ច្រើន ពេល​នោះ​គ្មាន​នរណា​មើល​នរណា​ទេ ព្រោះ​ពួក​អាវ​ខ្មៅ​ចូល​ដល់​វត្តភ្នំ​ហើយ បើក​រថក្រោះ​យ៉ាង​ទ្រហឹង​អឺងអាប់។ ចំពោះ​ខ្ញុំ​វិញ​បាន​រីករាយ​ខ្លះ ដោយ​នឹក​ថា កងទ័ព​មក​រំដោះ​ឲ្យ​រួច​ពី​ពួក​អាមេរិក​ហើយ។ ពេល​នោះ​ខ្ញុំ​រត់​ចូល​បន្ទប់​ធ្វើការ ខ្ញុំ​ទាញ​វាំងនន​ពណ៌​ស​មួយ​ផ្ទាំង​មក​ជួត​ក្បាល ហើយ​ជិះ​ម៉ូតូ​សំដៅ​ទៅ​ផ្ទះ​វិញ។

          ពុទ្ធោ! មក​ដល់​ផ្លូវ​ចូល​ផ្ទះ​តាម​មុខ​រោងចក្រ​ទឹកក្រូច​សំដៅ​ទៅ​វត្ត ស្ងាត់ឈឹង គ្មាន​មនុស្ស​មួយ​សោះ។ ពេល​នោះ​ម៉ោង ៨ ព្រឹក ខ្ញុំ​ចាប់​ផ្ដើម​ភ័យ​ពី​សុវត្ថិភាព​ឪពុកម្ដាយ កូន​ប្រពន្ធ​ខ្ញុំ​មិន​ដឹង​យ៉ាងណា។ មក​ដល់​ផ្ទះ​ស្ងាត់​ឈឹង គ្មាន​នរណា​សោះ ខ្ញុំ​សឹង​តែ​សន្លប់​បាត់ស្មារតី តែ​ពេល​នោះ​មីង​ម្នាក់​ដែល​ជួល​ផ្ទះ​ខ្ញុំ បាន​ប្រាប់​ខ្ញុំ​ថា ពូ​មីង និង​កូន​ប្រពន្ធ​ក្មួយ​ឯង គេ​ដេញ​ចេញ​ពី​យប់មិញ​ជាមួយ​អ្នកភូមិ​ទាំងអស់​ហើយ តែ​​គេ​ឲ្យ​ចេញ​តែ ៣ ថ្ងៃ​ទេ ព្រោះ​ខ្លាច​យន្តហោះ​អាមេរិក​ទម្លាក់​គ្រាប់បែក។ ហើយ​ឥឡូវ​គាត់​បាន​ដើរ​ត្រឡប់​មក​វិញ​ហើយ ក្មួយ​កុំ​ភ័យ​អី ខ្ញុំ​អន់​ភ័យ​បន្តិច តែ​បារម្ភ​ដដែល​ពី​សុវត្ថិភាព​គ្រួសារ​ខ្ញុំ ជា​ពិសេស​ម្ដាយ​ខ្ញុំ​គាត់​មាន​ជំងឺ​ផង។ ពី​ម៉ោង ៨ ព្រឹក រហូត​ដល់​ម៉ោង ៦ ល្ងាច នៅ​តែ​មិន​ឃើញ​គ្រួសារ​ត្រឡប់​មក​វិញ​ទៀត ដោយ​យប់​ទៅ​ហើយ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ដេក​ក្នុង​ផ្ទះ​ម្នាក់ឯង ឯ​មីង​ក៏​ដេក​ក្នុង​ផ្ទះ​ជួល​របស់​ខ្ញុំ​ដែរ។ ពេល​យប់​ពួក​អាវ​ខ្មៅ​ដើរ​ដេញ​ប្រជាជន​ដែល​នៅ​សល់​ឲ្យ​ចេញ​ពី​ផ្ទះ តែ​បើ​រឹង​ទទឹង​បាញ់​ចោល ពេល​នោះ​ខ្ញុំ​គ្មាន​បាន​ហូបបាយ​ទេ ដោយ​មិន​ហ៊ាន​ដាំ​បាយ​ខ្លាច​ពួក​វា​ដឹង ឬ​ឭ យប់​នោះ​ខ្ញុំ​បាន​ផ្លែឈើ នំ​ចេក​ខ្លះ ដែល​សែន​ទេវតា​ពេល​ចូល​ឆ្នាំ​ខ្មែរ​នោះ​ហូប។ យប់​នោះ​ខ្ញុំ​ដេក​មិន​ហ៊ាន​ទាំង​ចង​មុង​ផង ព្រោះ​ខ្លាច​វា​លប​មើល​ឃើញ។ និយាយ​ឲ្យ​អស់​ទៅ គ្រាន់​តែ​ដក​ដង្ហើម​សឹង​តែ​មិន​ហ៊ាន​ដក​ផង។

          ភ្លឺ​ឡើង ខ្ញុំ​ក៏​បាន​ភ្ញាក់​រៀបចំ​ឥវ៉ាន់​ក្នុង​ផ្ទះ​ទុក​ដាក់​ចូល​ទូរ​ឲ្យ​ស្អាត​ត្រឹមត្រូវ ហើយ​យក​ស្បោង​មួយ​ច្រក​ទឹកក្រូច ១១ ដប និង​នំ​ខ្លះ ដើម្បី​ទុក​ឲ្យ​គ្រួសារ​ហូប​តាម​ផ្លូវ។ ឯ​ខោអាវ​វិញ ស្លៀកពាក់​តែ​មួយ​ចង្កេះ​សុទ្ធ និង​ស្បែក​ជើង​ផ្ទាត់​ជីប​តុង​មួយ​គូ​ប៉ុណ្ណោះ។ ម៉ោង ៧ ព្រឹក ថ្ងៃ ១៨ មេសា ១៩៧៥ ខ្ញុំ​ចេញ​ដំណើរ​ជាមួយ​មីង បង​ប្អូន​ខ្លះ ដែល​សម្ងំ​ដេក​ពី​យប់​នោះ ចេញ​ទៅ​តាម​រក​គ្រួសារ​ដូចគ្នា​ដែរ។ តាម​ដង​ផ្លូវ​ពី​រោងចក្រ​ទឹកក្រូច​ទៅ​ជើង ប្រជាជន​ណែនណាន់​តាន់តាប់ ខ្លះ​រែក ខ្លះ​អូស ខ្លះ​ស្ពាយ ខ្លះ​មាន​ម៉ូតូ ខ្លះ​កាន់​ដឹក​ឥវ៉ាន់ ដែល​មាន​យក​ទៅ​តាម ព្រោះ​ពួក​អាវ​ខ្មៅ​វា​នៅ​តែ​ដេញ​តាម​ពី​ក្រោយ​ជាប់។ ម៉ោង ១០ ព្រឹក ខ្ញុំ​ទៅ​ដល់ គ.ម. ៧ ជួប​បង​ស្រី​ទី ៤ និង​គ្រួសារ​គាត់​ដើរ​ដល់​ត្រឹម​ហ្នឹង ពេល​នោះ​ខ្ញុំ​មាន​អារម្មណ៍​អរ​ថា ខ្ញុំ​បាន​ជួប​បង​ម្នាក់​ហើយ ខ្ញុំ និង​បង​ស្រី​ក៏​ដើរ​ជា​ហូរហែ​តាម​ប្រជាជន​ទាំងអស់ រហូត​ដល់​ម៉ោង ១ រសៀល ទើប​ដល់​ព្រែក​ព្នៅ (ដី ៨ គ.ម. ដើរ​ពី​ម៉ោង ៧ ព្រឹក ដល់​ម៉ោង ១ រសៀល​ទើប​ដល់)។ជិត​ដល់​ផ្សារ​ព្រែក​ព្នៅ ពួក​អាវ​ខ្មៅ​វា​ចាប់​ផ្ដើម​ឆែកឆេរ​យក​របស់​របរ​ខ្លះ​ដូចជា វិទ្យុ នាឡិកា ថ្នាំពេទ្យ៘ ហើយ​វា​ប្រាប់​ថា មិន​បាច់​យក​ទៅ​ទេ​ដល់​កន្លែង​រស់នៅ​អង្គការ​គេ​ផ្គត់ផ្គង់​ឲ្យ​ហើយ។ ដល់​ផ្សារ​ភ្លាម ខ្ញុំ​ស្ទុះ​ទៅ​ចាប់​អោប​ឪពុក​ម្ដាយ​ខ្ញុំ ប្រពន្ធ​កូន​ខ្ញុំ យំ​ទាំងអស់​គ្នា ដោយ​អរ​ពេក​ក្រោយ​ពី​បាន​ជួប ដែល​ខ្ញុំ​គ្មាន​សង្ឃឹម​បន្តិច​សោះ​នោះ។ ក្នុង​ផ្សារ​ព្រែក​ព្នៅ ថ្ងៃ​ទី ១៨ ខែ​មេសា ឆ្នាំ ១៩៧៥ មនុស្សម្នា​ច្រើន​ណាស់​រក​តែ​កន្លែង​ឈរ អង្គុយ​ក៏​គ្មាន​ដែរ កណ្ដាលថ្ងៃ កណ្ដាលវាល កន្លែង​ណា​ក៏​មនុស្ស​ដែរ។ យប់​នោះ ខ្ញុំ និង​គ្រួសារ​សម្រាក​នៅ​កណ្ដាលវាល​ផ្សារ​ព្រែក​ព្នៅ។ ព្រឹក​ព្រលឹម​ស្រាង​ៗ ពួក​អាវ​ខ្មៅ​វា​មក​ដេញ​ឲ្យ​ទៅ​មុខ​ទៀត គ្រួសារ​ខ្ញុំ​ក៏​ចេញ​ដំណើរ​ទៅ​ទិស​ខាង​ជើង ដោយ​បាន​កង់​មួយ​ចង​ឥវ៉ាន់​ពេញ​ទាំងអស់ ហើយ​បណ្ដើរ​ផង ខ្ញុំ​រែក​ផង ប្រពន្ធ​ខ្ញុំ​ដឹក​ដៃ​កូន ១ និង​ពរ​មួយ (ពេល​ចេញ​ទៅ​ខ្ញុំ​មាន​កូន ២ នាក់ ស្រី ១ អាយុ ៦ ឆ្នាំ កូនប្រុស​អាយុ ៣ ឆ្នាំ) ពី​ព្រែក​ព្នៅ​មក​ដល់​ត្រឹម​វត្ត​គ្រួស​ដើរ​រហូត​ដល់​ថ្ងៃ​ត្រង់​ទើប​ដល់ ហើយ​ឈប់​សម្រាក​ដាំបាយ​ហូប​សិន។ ពេល​នោះ ម្ដាយ​ខ្ញុំ​វង្វេង​បាត់ ដោយ​ដឹក​ដៃ​ចៅ​គាត់​អាយុ ៦ ឆ្នាំ ទៅ​ជាមួយ​ផង។ ណា​មួយ​បាត់​ម្ដាយ និង​កូន ខ្ញុំ​ក៏​រត់​រក​ប្រហែល​ជា​ជិត ២ ម៉ោង​ទើប​ឃើញ។ ហូប​បាយ​ហើយ ម៉ោង ៣ រសៀល ចាប់​ផ្ដើម​ដើរ​ទៅ​មុខ​ទៀត គឺ​ដល់​វត្ត​ព្រែក​តា​ទែន ក៏​យប់​ហើយ​ឈប់​សម្រាក​មុខ​វត្ត​នោះ មួយ​យប់ គឺ​ដេក​ចិញ្ចើម​ថ្នល់​ដោយ​យក​ក្បាល​បែរ​មក​ថ្នល់ ជើង​ចេញ​ទៅ​ក្រៅ​ដង្ហែ​គ្នា​មួយ​គ្រួសារ។ ព្រឹក​ឡើង ថ្ងៃ ២០ មេសា ក៏​ចេញ​ដំណើរ​ទៅ​ទៀត ដោយ​ដើរ​តាម​មាត់​ទន្លេ​ម្ដង ព្រោះ​មនុស្សម្នា​ច្រើន​ពេក​ដើរ​មិន​រួច។ ដើរ​បាន​ប្រហែល​ជា ៤ គ.ម. ក៏​ឈប់​ហើយ​សម្រាក​នៅ​ទីនោះ​មួយ​យប់​ទៀត។

សូមរងចាំអានភាគបន្ត នៅសប្តាហ៍ក្រោយទៀត !


2 មតិ

  1. Samady KS និយាយថា ៖

    បង​ម៉ន អ្ហើយ ថ្វី​ត្បិត​តែ​ខ្ញុំ​មិន​បាន​កើត​ទាន់​សម័យ​ហ្នុង​មែន​ ប៉ុន្តែ​ខ្ញុំ​ក៏​មាន​អារម្មណ៏​ថា​ពិបាក​ណាស់​ដែរ ព្រោះ​អ្វី​ៗ​គ្រប់​យ៉ាង​ខ្ញុំ​ជឿ​ជាក់​យ៉ាង​ច្បាស់​ក្នុង​ចិត្ត​ថា ពិត​ជា​មាន​យ៉ាង​ពិត​ប្រាកដ ព្រោះ​អី​សូម្បី​តែ​សម័យ​កាល​ដែល​ខ្ញុំ​ទើប​តែ​មាន​អាយុ​នៅ​តូច​ ខ្ចី​ប្រហែល​ជា 4 ទៅ​5 ឆ្នាំ​ក៏​នៅ​មាន​​សង្រ្គាម​ខ្លះៗ​ដែរ ​គឺ​ ពួក​ខ្មែរ​ក្រហម​នេះ​ឯង កាល​ហ្នុង​ប៉ា​របស់​ខ្ញុំ​គឺ​ជា​ទាហាន ច្បាំង​គ្នា​ជា​មួយ ខ្មែរ​ក្រហម ខ្ញុំ​ក៏​ធ្លាប់​រស់​នៅ ក្នុង​បន្ទាយ​ទាហាន​ដែរ (ក្នុង​ព្រៃ) ថ្ងៃ​ណា​ក៏​ខ្ញុំ​ឮ​​សំឡេង​​គ្រាប់​កាំ​ភ្លើង​ដែរ។ ពេល​ប៉ា​របស់​ខ្ញុំ​ចេញ​ទី​ច្បាំង គាត់​អោយ​ខ្ញុំ​នៅ​ដេក​ក្នុង​បន្ទាយ (ឃ្លាំង​ដាក់​គ្រាប់)

    • Mach Morn និយាយថា ៖

      សួស្តី សាម៉ាឌី!
      អ្វីដែល សាម៉ាឌី រៀបរាប់នេះពិតទេ? កុំប្រកាន់ខ្ញុំណា កាលដែលសួរបែបនេះ ព្រោះខ្ញុំមិនដែលធ្លាប់ជួបស្ថានភាពបែបនឹងទេ …

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: